ផលិតករស្រ្តីវ័យក្មេង៣រូប ទទួលបានការឧបត្ថម្ភថវិកាផលិតរឿងលើសការរំពឹងទុក
- 2017-12-24 17:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករស្រ្តីវ័យក្មេង៣រូប ទទួលបានការឧបត្ថម្ភថវិកាផលិតរឿងលើសការរំពឹងទុក
ចន្លោះមិនឃើញ
ទឹកប្រាក់ឧបត្ថម្ភ គម្រោង «សំឡេងពីអនាគតកាល» ឬ Echoes from Tomorrow បានឡើងដល់ ២៣ ០២៩ ដុល្លារ កាលថ្ងៃទី២២ ធ្នូ ដែលជាថ្ងៃបញ្ចប់ការឃោសនាសុំជំនួយឧបត្ថម្ភ ដើម្បីជួយដល់អ្នកដឹកនាំរឿងស្រ្តី ៣នាក់ ឱ្យសម្រេចក្តីស្រមៃផលិតរឿងខ្លីម្នាក់មួយដោយខ្លួនឯង។
លោក ជូ ដាវី ដែលជាផលិតករគម្រោង «សំឡេងពីអនាគតកាល» ប្រាប់ Sabay ឱ្យបានដឹងថា៖ «ដំបូងខ្ញុំមិននឹកស្មានថាយើងទទួលបានការឧបត្ថម្ភច្រើនបែបនេះសោះ ដោយយើងបានដាក់គោលដៅតែ ១៥ ០០០ ដុល្លារប៉ុណ្ណោះ សម្រាប់ការផលិតភាពយន្តខ្លីទាំង៣»។ តែលោកអះអាងថា ភាពជោគជ័យនេះ មិនមែនមកពីអ្នកទាំង៣ធ្វើការជាមួយរូបលោកទេ ឬក៏ដោយសារតែរូបលោក និងផលិតកម្ម Anti_Archive នោះដែរ។ អ្វីដែលទទួលបានជោគជ័យបែបនេះ នេះក៏ព្រោះតែអ្នកទាំង ៣ មានគំនិតថ្មី និងជាមនុស្សថ្មី ដែលចង់បង្ហាញសមត្ថភាពលើវិស័យភាពយន្តនេះតែម្តង។
ផលិតករភាពយន្តឆ្នើមម្នាក់នេះបន្តថា៖ «ប្រសិនបើវាជារឿងខ្លីដែលខ្ញុំផលិតនោះ ប្រហែលគ្មានអ្នកឧបត្ថម្ភទេ ព្រោះខ្ញុំគ្មានអ្វីចាំបាច់ត្រូវការជំនួយរបស់គេ»។ តែជាក់ស្តែង ការរៀបចំជំរុញ និងលើកទឹកចិត្តដល់ផលិតករស្រីទាំង៣ឱ្យទទួលបានឱកាសដល់ល្អបែបនេះ ពិតជាមិនងាយមែន ហើយហេតុតែរូបលោក និងក្រុម Anti-Archive ផ្តល់ឱកាសនេះដល់ផលិតករនារីទាំង៣ មាន កញ្ញា សាន ដាណិច កញ្ញា ទិត្យ កន្ឋិថា និងអ្នកនាង មាស ស្រីលីន មិនមែនមកពីពួកគេជាមនុស្សស្រី ទើបទទួលបានការអាណិតអាសូរ ឬរូបភាពណាមួយពិសេសនោះដែរ។
អ្វីដែលសំខាន់ អ្នកទាំង ៣ ទទួលបានជោគជ័យលើការឃោសនារកវិភាគទានផលិតភាពយន្តរបស់ខ្លួនឯង ចំនួន ២៣ ០២៩ ដុល្លារនេះ អ្នកទាំង៣មានចំណុចពិសេស និងមានប្រភេទសាច់រឿងដែលធ្វើឱ្យមានការចាប់អារម្មណ៍ ពិសេសបទពិសោធន៍អ្នកទាំង៣នៅក្នុងវិស័យផលិតភាពយន្ត គឺមិនមែនមានតែឈ្មោះនោះដែរ។
ជាក់ស្តែងការឧបត្ថម្ភនេះក៏មិនមែនមានតែជនបរទេសនោះទេ បើតាមការបញ្ជាក់ របស់ លោក ដាញ៉ែល អ្នកចាត់ការ និងទំនាក់ទំនងទូទៅរបស់ផលិតកម្ម Anti-Archive បញ្ជាក់ឱ្យដឹងថា អ្នកដឹកនាំរឿងស្រីទាំង៣ ទទួលបានថវិកាឧបត្ថម្ភក្រៅបណ្តាញអ៊ីនធើណែត Indiegogo នេះជាង ២០០ ដុល្លារថែមទៀត ដើម្បីជួយចូលរួមក្នុងការផលិតភាពយន្តខ្លីរបស់ពួកគេទាំង៣។
ក្នុងទំហំទឹកប្រាក់ជាង ២៣ ០០០ ដុល្លារនេះ នឹងត្រូវបែងចែកជា៣ចំណែកស្នើគ្នាទៅកាន់អ្នកផលិតទាំង៣រូប ហើយពួកគេអាចចាត់ចែងផលិតភាពយន្តនោះ ក្រោមការគ្រប់គ្រងរបស់លោក ជូ ដាវី ក្នុងនាមជាផលិតករនៃគម្រោង «សំឡេងពីអនាគតកាល» ឬ Echoes from Tomorrow នេះ។ ផលិតកររូបនេះ ក៏លើកទឹកចិត្តយុវវ័យខ្មែរ ដែលមានបំណងចង់ក្លាយខ្លួនជាផលិតករ អ្នកដឹកនាំរឿង អាចសាកល្បងយកគំរូនេះ ដើម្បីបង្កើតជាគម្រោងរបស់ខ្លួន ហើយសង្ឃឹមថានឹងបានជោគជ័យទាំងអស់គ្នា។
រូបភាពផ្តល់ឱ្យ
ចុចអាន៖
-ការលំបាកក្នុងជីវិតជំរុញ DJ ណាណា ទទួលបានជោគជ័យក្នុងអាជីពជាពិធីការិនីជំនាញ
-បើកបង្ហាញប្រវត្តិតស៊ូរបស់អ្នកដឹកនាំរឿងស្រីទាំង៣រូប ដែលទទួលបានឱកាសផលិតរឿងដោយខ្លួនឯង
-ស្រ្តីខ្មែរវ័យក្មេង៣រូប សម្រេចបំណងក្លាយជាអ្នកដឹកនាំរឿង