រូបសំណាកកវីម្ចាស់ស្ទឹងសង្កែដ៏ល្បីល្បាញ បានរំលេចខ្លួនមិនឆ្ងាយប៉ុន្មានពីដងស្ទឹង
- 2018-03-25 20:16:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបសំណាកកវីម្ចាស់ស្ទឹងសង្កែដ៏ល្បីល្បាញ បានរំលេចខ្លួនមិនឆ្ងាយប៉ុន្មានពីដងស្ទឹង
ចន្លោះមិនឃើញ
ដើម្បីជាការឧទ្ទិសកុសល និងជាការគោរព រូបសំណាក និងប្រាង្គតម្កល់អដ្ឋិធាតុ កវីម្ចាស់ស្ទឹងសង្កែ ដ៏ល្បីល្បាញលោក គង្គ ប៊ុនឈឿន បានកសាងរួចរាល់ស្ទើរតែ១០០% និងគ្រោងធ្វើពិធីឆ្លងនៅដើមខែក្រោយនេះ។ រូបសំណាកនេះ បានរំលេចខ្លួននៅជិតបង្កើយនឹងដងស្ទឹងសង្កែ ជាទី ដែលលោកធ្លាប់រំលឹកនូវអនុស្សាវរីយ៍ តាមរយៈបទ «ម្លប់ដូងទី១០» នាមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង។
លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយាបានថ្លែងប្រាប់ឱ្យដឹងថា រូបសំណាក និងប្រាង្គដាក់អដ្ឋិធាតុ លោក គង្គ ប៊ុនឈឿន បានកសាងសម្រេចបាន ៩៨% និងគ្រោងធ្វើពិធីឆ្លងនៅក្នុងបរិវេណវត្តកណ្ដាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ៧ ដល់ ៨ ខែមេសា ឆ្នាំ២០១៨ ។ លោកបានបន្ថែមថា រូបសំណាក និងប្រាង្គ នេះបានចំណាយថវិកាសាងសង់អស់ ១៥ ០០០ដុល្លារអាមេរិក ជាថវិកាកូនចៅលោក គង្គ ប៊ុនឈឿន សុទ្ធសាធ។ «ប្រាង្គតម្កល់អដិ្ឋធាតុហ្នឹង គឺត្រូវបានកសាងឡើងតាមរចនាបថខ្មែរ អាចឱ្យព្រះសង្ឃគង់នៅបានក្នុងទំហំ ៦ម៉ែត្រគុណ ៦ម៉ែត្រ ហើយនៅមុខប្រាង្គមានសួនច្បារ និងមានរូបសំណាកលោក គង្គ ប៊ុនឈឿន»។
កវីម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន បានចាប់កំណើតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៣៩ នៅក្នុងស្រុកថ្មគោល ឃុំអូរបឹងព្រីង ខេត្តបាត់ដំបង និងបានទទួលមរណភាពលើទឹកដីប្រទេសន័រវែស ថ្ងៃអាទិត្យទី១៧ ខែមេសា ឆ្នាំ២០១៦ ក្នុងវ័យ ៧៧ ឆ្នាំ។ មុននឹងលោកទទួលអនិច្ចកម្ម លោកក៏ធ្លាប់បានផ្ដែផ្ដាំកូនចៅអំពីបំណងចង់ឱ្យតម្កល់ តម្កល់ធាតុ ឬរូបសំណាករបស់លោក នៅមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលជាទឹកដីកំណើតរបស់លោកដែរ។ លោក គង្គ ប៊ុនឈឿន បាននិពន្ធបទចម្រៀងរាប់ពាន់បទ កំណាព្យរាប់រយ និងប្រលោមលោកបានជិត ១០០រឿង។ តំណាងឱ្យក្រុមសុរិយា លោក យាង វណ្ឌី ឱ្យដឹងថា ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តបាត់ដំបងចូលរួមដែរ និងបានអំពាវនាវដល់អ្នកគាំទ្រ លោក គង្គ ប៊ុនឈឿន ទាំងអស់ពិសេសអ្នកខេត្តបាត់ដំបងចូលរួមពិធីឆ្លងរូបសំណាក និងប្រាង្គតម្កល់អដ្ឋិធាតុឱ្យបានច្រើនកុះករ៕
ចុចអាន៖