ការអនុវត្ត​គម្រោង "ផ្លូវសូត្រ" នឹងធ្វើ​ឲ្យ​កម្ពុជា​រីកចម្រើន

  • 2018-07-02 02:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​មិន​ប្រឈម​គ្រោះ​ថ្នាក់​ដូច​ប្រទេស​ស្រី​លង្កា ដែល​បាន​ខ្ចី​លុយ​ចិន​យក​មក​​កសាង​កំពុង​ផែ រហូត​មិន​មាន​លទ្ធផល​សង​បំណុល​នោះ​ទេ។ ប្រទេស​ស្រី​លង្កា​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​រហូត​សង​មិន​រួច​នេះ​ ដោយ​សារ​តែ​គម្រោង “ផ្លូវ​មួយ​ ខ្សែ​ក្រវាត់​មួយ” ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ហៅ​ថា​ “ផ្លូវ​សូត្រ”។ ប្រទេស​កម្ពុជា​ក៏​បាន​ប្រកាស​គាំទ្រ​គម្រោង​នេះ​ដែរ ប៉ុន្តែ​ថា កម្ពុជា​មិន​ប្រឈម​គ្រោះ​ថ្នាក់​ដូច​ស្រីលង្កា​នោះ​ទេ។ អ្វី​ទៅ​ដែល​កម្ពុជា​មិន​ធ្លាក់​នៅ​ក្នុង​បំណុល​វ័ណ្ឌក​ដូច​ជា​ស្រីលង្កា?

លោក​ បណ្ឌិត នាក់ ចិន្តារិទ្ធិ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​

ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ​នេះ លោក​បណ្ឌិត នាក់ ចិន្តារិទ្ធិ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ បាន​លើក​ឡើង​ថា ប្រទេស​ស្រី​លង្កា​បាន​ខ្ចី​បំណុល​ចិន​យក​មក​សាងសង់​កំពង់ផែ​ ៤-៥ពាន់​លាន​ដុល្លារ ប៉ុន្ដែ​ការ​វិនិយោគ​មិន​ចំណេញ​ព្រោះ​អត់​មាន​កប៉ាល់​ចូល ឬ​កប៉ាល់​ចូល​តិច​ពេក ម៉្លោះ​ហើយ​មិន​អាច​រក​ចំណូល​សង​ចិន​វិញ​បាន។ ទន្ទឹម​នឹង​នេះ​មាន​កម្ចី​ផ្សេងៗ​ទៀត។ ចំពោះ​ប្រទេស​កម្ពុជា​វិញ គិតគូរ​ច្បាស់​លាស់ ដោយ​មិន​បាន​ខ្ចី​លុយ​ចិន​មក​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​នោះ​ទេ ប៉ុន្តែ​បង្វែរ​ទៅ​ជា​​ការ​វិនិយោគ​វិញ។ "**យើង​អត់​ខ្ចី​លុយ​ទេ យើង​ឲ្យ​ខាង​ឯកជន​មក​វិនិយោគ។ ឧទាហរណ៍​ដូច​ជា​ផ្លូវ​ល្បឿន​លឿន​ Express Way ភ្នំពេញ​-ក្រុង​ព្រះ​សីហនុ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ២ពាន់​លាន​ដុល្លារ តែ​មិន​មាន​ជា​កម្ចី​ទេ តែ​ជា​ការ​វិនិយោគ។ យើង​អនុញ្ញាត​ឲ្យ​សាងសង់​ហើយ​គ្រប់គ្រង​ខ្លួន​ឯង​ដល់​ចប់​កុងត្រា ត្រូវ​ប្រគល់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​វិញ។ គម្រោង​ផ្សេង​ៗ​ទៀត​ក៏​ធ្វើ​ដូច​នេះ​ដែរ។**"

ទិន្នន័យ​គិត​ត្រឹម​ឆមាស​ទី​១​ កាល​ពី​​ឆ្នាំ​ ២០១៧​កន្លងទៅ​ របស់​ក្រសួង​សេដ្ឋកិច្ច​ស្ដីពី​បំណុល​សាធារណៈ​កម្ពុជា​បាន​បង្ហាញ​ថា កម្ពុជា​ជំពាក់​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ ស្មើនឹង ៤២.៩៨​ភាគរយ នៃ​បំណុល​សរុប។ តួលេខ​នេះ ចិន​បាន​ឈរ​​​លំដាប់​លេខ​រៀង​ទី​មួយ ដែល​កម្ពុជា​បាន​ជំពាក់​ ក្នុង​ចំណោម​ម្ចាស់​បំណុល​ផ្សេង​ទៀត។

ទោះយ៉ាង​ណា​ លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ បាន​និយាយ​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី "គំនិតផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់មួយ​ និង​ការ​អភិវឌ្ឈ​ប្រទេសកម្ពុជា" នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា កាល​ពីប្រឹកមិញ​នេះ​ថា កម្ពុជា​បាន​ខ្ចី​បុល​ចិន​ប្រមាណជា ៤០%​ នៃ​បំណុល​សរុប​នោះ គឺ​ប្រទេស​កម្ពុជា​នៅ​មិនទាន់​ក្លាយ​ជា​ប្រទេស​ជំពាក់​បំណុល​វ័ណ្ឌក ឬ មាន​សញ្ញាលឿង ក្រហម​នៅឡើយ។ ឯគម្រោង​ផ្លូវ​សូត្រ ដែល​ត្រូវ​ធ្វើ​ការ​អភិវឌ្ឈន៍​ថ្មីៗ​នេះ ក៏​មិន​បង្កើន​បំណុល​ដែរ គឺ​កម្ពុជា​ប្រើប្រាស់​​ការ​វិនិយោគ​​ មិន​ប្រើប្រាស់​កម្ចី។

សូមចុចអាន៖ ច្បាស់ហើយ! ដឹងពេលវេលាបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿន ដំបូងបង្អស់នៅកម្ពុជា

ការ​លើក​ឡើង​របស់​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​ខាង​លើ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​មួយ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើការ​​សិក្សា​​អំពី​ផលវិបាក​ នៃ​គម្រោង “​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ”​ របស់​ចិន ទៅលើ​បន្ទុក ​នៃ​បំណុល​សាធារណៈ ដែល​ត្រូវ​ធ្លាក់​ទៅលើ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ក្នុង​គម្រោង​ដោយ​ក្នុង​នោះ​ប្រទេស​ខ្លះ កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​ ដោយសារ​តែ​កំពុង​វ័ណ្ឌក​ដោយ​បំណុល​ដែល​ខ្ចី​ពី​ចិន ដើម្បី​ប្រើប្រាស់​ក្នុង​គម្រោង។

មជ្ឈមណ្ឌល​អភិវឌ្ឍ​ពិភពលោក (Center for Global Development) ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​សិក្សា​រក​ឃើញ​ថា ប្រទេស​​ចំនួន​៨ ដែល​ក្នុង​នោះ​រួមមាន ​ដូចជា ប៉ាគីស្ថាន ម៉ុងហ្គោលី ជីប៊ូទី ឡាវ និង​ប្រទេស​មួយ​ចំនួន​ទៀត នៅ​ក្នុង​តំបន់​អាស៊ី​កណ្ដាល គឺ​ជា​ក្រុម​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត​​ដោយសារ​តែ​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ នៃ​បំណុល​​​ដែល​ខ្ចី​ពី​ចិន ក្នុង​​ក្របខ័ណ្ឌ​នៃ​គម្រោង​ "ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ"។

​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​ ខ្លួន​គឺជា​អ្នកគាំទ្រ​ដល់​កិច្ច​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ (BRI)​ របស់​ចិន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​ មក​ម្ល៉េះ​។​

កាល​ពី​ឆ្នាំ​ ២០១៣ លោក​ប្រធានាធិបតី ហ្ស៊ី ជិន​ពីង បាន​ដាក់​ជា​គោលនយោបាយ​យុទ្ធសាស្ត្រ «​ខ្សែក្រវាត់​សូត្រ និង​ផ្លូវ​សូត្រ​របស់​ចិន​» ដោយ​ផ្ដោត​លើ ការ​ត​ភ្ជាប់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ក្នុង​តំបន់​នានា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ គម្រោង​នេះ​ដើម្បី​រំលឹក​ និង​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នូវ​ផ្លូវ​ក្រណាត់​សូត្រ​ ដែល​ដែន​ដី​ចិន​​ធ្លាប់​មាន​តួនាទី​សំខាន់​បំផុត​ក្នុង​អតីតកាល។

​គម្រោង​ ”ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ” របស់​ចិន​នេះ គឺជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ខ្សែ​រថភ្លើង បំពង់​បង្ហូរ​ឧស្ម័ន និង​កំពង់ផែ​ជាច្រើន ដើម្បី​ផ្សារ​ភ្ជាប់​ចិន ជាមួយ​នឹង​ទ្វីប​អឺរ៉ុប អាស៊ី និង​អាហ្វ្រិក ហើយ​តាម​រយៈ​នេះ ចិន​ នឹង​ពង្រីក​ដែន​ឥទ្ធិពល​ពាណិជ្ជកម្ម​របស់​ខ្លួន​ទូទាំង​សកល​លោក។ រហូត​មក​ទល់​នឹង​ពេល​នេះ មាន​ប្រទេស​មិន​តិច​ជាង​ ៦០​ប្រទេស​ឡើយ​ ដែល​បាន​ចូល​រួម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​​របស់​ប្រទេស​ខ្លួន ​ដោយ​យោង​តាម​គោលការណ៍​របស់​គម្រោង​ខាង​លើ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា