ដោយសារបច្ចេកវិទ្យាទំនើបម្លឹងៗ ទើបអ៊ីស្រាអែលឈានមុខគេខាងឧស្សាហកម្មចិញ្ចឹមគោយកទឹកដោះ
- 2020-07-17 20:31:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារបច្ចេកវិទ្យាទំនើបម្លឹងៗ ទើបអ៊ីស្រាអែលឈានមុខគេខាងឧស្សាហកម្មចិញ្ចឹមគោយកទឹកដោះ
ចន្លោះមិនឃើញ
ត្បិតថាអ៊ីស្រាអែលជាប្រទេសដែលមានលក្ខខណ្ឌមិនសូវអំណោយផល ដូចជាកត្តាអាកាសធាតុស្ងួត និងមានកង្វះខាតទឹក ប៉ុន្តែទិន្នផលនៃការផលិតទឹកដោះគោពីគោមួយក្បាល មានការកើនឡើងឥតឈប់ឈរចាប់ពីអំឡុងទសវត្សឆ្នាំ ១៩៥០ ដែលកើនឡើងពី ៤ពាន់គីឡូក្រាម/មួយឆ្នាំ ដល់ជាង ១២០០០គីឡូក្រាម/មួយឆ្នាំ ក្នុងឆ្នាំ ២០១៨។ នេះក៏ដោយសារឧស្សាហកម្មផលិតទឹកដោះនៅអ៊ីស្រាអែលមានលក្ខណៈទំនើបឈានមុខ។
បច្ចេកវិទ្យាទំនើបៗដែលគេបានប្រើក្នុងឧស្សាហកម្មផលិតទឹកដោះគោនៅអ៊ីស្រាអែល មានដូចជាការច្របាច់យកទឹកដោះដែលបញ្ជាដោយប្រព័ន្ធកុំព្យូទ័រ និងប្រព័ន្ធដាក់ចំណី, ប្រព័ន្ធជួយបញ្ចុះកម្ដៅឲ្យសត្វគោ, ឧបករណ៍ចម្រាញ់ទឹកដោះគោ គួបផ្សំជាមួយនឹងបច្ចេកទេសគ្រប់គ្រងកសិដ្ឋានដែលប្លែកពីគេ បានធ្វើឲ្យឧស្សាហកម្មផលិតទឹកដោះគោរបស់អ៊ីស្រាអែលឈានមុខគេទាំងលើប្រសិទ្ធភាព និងទំហំផលិត។
បន្ថែមពីនេះដែរ គេបានបំពាក់នូវ Sensor ពិសេសលើសត្វគោ ដែលអាចវាស់ទម្ងន់សត្វគោជាប្រចាំថ្ងៃ និងវាស់លើសមាសភាពផ្សំនៃទឹកដោះរបស់គោអំពីចំនួនប្រូតេអ៊ីន ខ្លាញ់ ជាតិស្ករ និងសារធាតុផ្សេងទៀត ហើយគេក៏អាចប្រើ Sensor នេះសម្រាប់ត្រួតពិនិត្យលើការទំពា និងការស៊ីចំណីរបស់សត្វគោផងដែរ។ Sensor នេះបានចូលរួមចំណែកជួយឲ្យសត្វគោមានសុខភាពល្អ និងជួយបង្កើនសមត្ថភាពផលិតឡើងវិញរបស់សត្វគោ ក៏ដូចជាជួយបង្កើនប្រសិទ្ធភាពក្នុងពេលចម្រាញ់ទឹកដោះគោផងដែរ។
បច្ចេកវិទ្យាតាមដាន និងបច្ចេកវិទ្យាផ្នែកផលិតកម្មដែលគេបានប្រើប្រាស់តាមកសិដ្ឋាននៅអ៊ីស្រាអែល គឺគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីស្រាអែលចំនួនពីរ មានក្រុមហ៊ុន Afimilk និងក្រុមហ៊ុន SCR ដែលក្រុមហ៊ុនទាំងពីរត្រូវបានគេស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវឧស្សាហកម្មផលិតទឹកដោះគោបែបទំនើបនៅអ៊ីស្រាអែល និងបាននាំចេញបច្ចេកវិទ្យារបស់ខ្លួនទៅកាន់បណ្ដាប្រទេសនៅជុំវិញពិភពលោកផងដែរ។
គួរដឹងដែរថា នៅប្រទេសកម្ពុជាយើង កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំមួយឈ្មោះថាគិរីសួគ៌ (Kirisu Farm) ក៏បានបង្កើតឡើង ដោយប្រើប្រាស់នូវបច្ចេកវិទ្យារបស់អ៊ីស្រាអែល ដែលរៀបចំឡើងដោយក្រុមហ៊ុន Afimilk ផ្ទាល់តែម្ដង។ កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ត្រូវបានសាងសង់តាមបច្ចេកវិទ្យាដ៏ទំនើប លើផ្ទៃដី ៣០០ហិចតា នៅជ្រលងភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ដែលជាកសិដ្ឋានរបស់ក្រុមហ៊ុន Khmer Fresh Milk។៕
ចុចអាន៖ មិនធ្លាប់មាន! គោយកទឹកដោះរាប់រយក្បាល ជិះយន្តហោះតាំងពីអូស្រ្ដាលី មកដល់ស្រុកខ្មែរ