មាន​ប្រភព​​បញ្ជាក់​ ១០០% ថា​ តន់ ចន្ទសីម៉ា ​ច្រៀង​១លើក ស៊ី​​២ម៉ឺនដុល្លារ​ គឺ​ជា​ការ​ពិត

  • 2020-12-05 01:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​​​ច្បាស់​ការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តារា​ចម្រៀង ​តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់​ពេជ្រ​​របស់​ផលិតកម្ម Galaxy Navatra ត្រូវ​បាន​ក្រុម​ហ៊ុន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​​​ដែល​អាច​និយាយ​បាន​ថា ថ្លៃ​ជាង​​​ក្នុង​ចំណោម​តារា​ចម្រៀង​ល្បី​ៗ​​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្រាន់​តែ​កម្មវិធី​តូចៗ ដូច​ជា​មង្គលការ ឬ​ពិធីជប់​លៀង នាង ស៊ី​ថ្លៃ​ដល់​ទៅ​២ម៉ឺនដុល្លារ ចំណែក Concert នាង​ស៊ី​ថ្លៃ​៥ពាន់​ដុល្លារ​ឯណោះ ក្នុង​​មួយ​កម្មវិធី។

បង​ប្អូន​ប្រាកដ​ជា​ជ្រាប​ហើយ​ថា តារា​ចម្រៀង​វ័យ​​ក្មេង តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់​ពេជ្រ​​របស់​ផលិតកម្ម​ Galaxy Navatra បាន​កំពុង​តែ​ឈរ​នៅ​លំដាប់​កំពូល​នៅ​ក្នុង​ឆ្នាំ ​2020 ​នេះ ដោយ​បទ​ចម្រៀង​​របស់​នាង​មាន​អ្នក​ទស្សនា​រហូត​ជាង 400 លាន​ដង​ដែល​​ចំនួន​នេះ​មិន​ទាន់​អាច​មាន​តារា​ចម្រៀង​​រូប​ណា​អាច​យក​ឈ្នះ​នាង​បាន​នៅ​ឡើយ។​ថ្វីត្បិត​តែ​នាង​នៅ​ក្មេង​ខ្ចី ប៉ុន្តែ​ការ​ច្រៀង តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ អាច​ច្រៀង​បាន​គ្រប់​ទម្រង់​និង​ច្រើន​ភាសា។

តាម​ប្រភព​​ច្បាស់​ការ​ខាង​លើ បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា​ច្រើន បាន​ទាក់​ទង​មក​ខាង​ផលិតកម្ម ក្នុង​នោះ​មាន​តែ​ក្រុម​ហ៊ុន​ធំៗ​ប៉ុន្មាន​ប៉ុណ្ណោះ​ដែល​ហ៊ាន​ជួល​តម្លៃ​ខាង​លើ។ មួយ​វិញ​ទៀត ទស្សនិកជន​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា កញ្ញា តន់ ចន្ទសីម៉ា ជា​តារា​ចម្រៀង​ល្បី ហេតុ​អ្វី​មិន​ដែល​សូវ​​ឃើញ​ច្រៀង​តាម​​​ការ​ប្រគំតន្ត្រី​ផ្សាយ​​លើ​កញ្ចក់​ទូរទស្សន៍ មូល​ហេតុ​​តែ​មួយ​គត់​ដោយសារតែ​តម្លៃ​ខ្លួន​នាង​ថ្លៃ ដូច​នេះ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន មិន​អាច​មាន​​លទ្ធភាព​​ជួល​នាង​ឡើង​ច្រៀង​បាន​ឡើយ។

លោក យឹម តាស្រង់ អ្នក​គ្រប់​គ្រង ផលិតកម្ម​Galaxy Navatra បាន​ទទួល​ស្គាល់​ថា តម្លៃ​ខ្លួន​នៃ ការ​ច្រៀង របស់ កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុន​ពិត​ជា បាន​កំណត់​​ដូច​បាន​លើក​ឡើង​ខាង​លើ​ពិត​មែន ។ អ្នក​គ្រប់​គ្រង​ផលិតកម្ម​ល្បី​ឈ្មោះ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ការ​កំណត់​តម្លៃ​នេះ គឺ​ស័ក្ដិសម​​​នឹង​ប្រជាប្រិយភាព​​របស់​នាង​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក យឹម តាស្រង់ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា ច្រើន​បាន​ទាក់​ទង​នាង ទៅ​ច្រៀង ក្នុង​នោះ​​មាន​តែ​​ក្រុមហ៊ុន​ធំៗ​ប៉ុណ្ណោះ ដែល​ហ៊ាន​ជួល​​នាង​ច្រៀង។ក្រៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ជាង​តារា​ចម្រៀង​ផ្សេង​ទៀត ​បច្ចុប្បន្ន​កញ្ញា តន់ ចន្ទសីម៉ា បាន​ក្លាយ​ជា brand ambassador របស់​ក្រុមហ៊ុន​ធំៗ​២នាពេលខាងមុខនេះ។ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ តន់ ចន្ទសីម៉ា នឹង​ត្រូវ​​ចូល​ច្រៀង​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​​ឲ្យ​ក្រុម​ហ៊ុន​ធំ​​មួយ​​ផង​ដែរ។

អ្នក​គ្រប់​គ្រង ​ល្បី​ឈ្មោះ​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​ហ៊ុន កំណត់​ឲ្យ តន់ ចន្ទសីម៉ា ចេញ​ច្រៀង​ តាម​កម្មវិធី​តូចៗ​ដូច​ជា ​អាពាហ៍ពិពាហ៍​ឬ​ជប់លៀង ​នាង ស៊ី​ថ្លៃ​ដល់​ទៅ​២ម៉ឺន​ដុល្លារ ថ្លៃ​ជាង​ច្រៀង​តាម Concert ក៏​ព្រោះ​ថា សីម៉ា បច្ចុប្បន្ន​ចាត់​ទុក​ថា​ជា​តារា​ចម្រៀង​កម្រិត​អន្តរជាតិ​មួយ​ហើយ ត្បិត​អី​នាង​ មិន​ត្រឹម​តែ​ច្រៀង​ឲ្យ​ផលិតកម្ម​​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​នាង​ក៏​ជា​តារា​ចម្រៀងច្រៀង​ក្នុង​ផលិតកម្ម Galaxy Navatra Thailand ដែរ។

លោក​បន្ថែម​ថា ភាគីផលិតកម្ម Galaxy Navatra ខ្មែរ និង​ថៃ បាន​​ពិភាក្សាគ្នា​​យ៉ាង​ល្អិត​ល្អន់​ហើយ​ចំពោះ​រឿង​នេះ ទើប​សម្រេច​កំណត់​តម្លៃ​ដូច​ខាង​លើ ដែល​ជា​តម្លៃ​ស្តង់ដារ​អន្តរជាតិ​១មួយ។ តាស្រង់ បន្តពន្យល់​ទៀតថា កម្មវិធី​ដូច​ជា ​អាពាហ៍ពិពាហ៍​ ឬ​ជប់លៀង ជា​កម្មវិធី​ឯកជន ហេតុ​នេះ​ មាន​តែ​កម្រិត​អ្នក​មាន​សេដ្ឋកិច្ច​ប្រសើរ​​ប៉ុណ្ណោះ​​​ ទើប​អាច​ជួល​នាង​ទៅ​ច្រៀង​បាន៕

អត្ថបទ៖ ទារិកា