Seak Vlogger បង្ហាញចំណូលរកបានពី YouTube ក្រោយបង្កើតបានជិត ៤ឆ្នាំ

  • 2021-03-23 20:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ​មាន​យុវវ័យខ្មែរ​ជាច្រើនរូប​បាន​ងាក​មក​ស្រវាចាប់អាជីពរបស់​ខ្លួន​​​ឲ្យ​​ក្លាយ​ជា​ Vlogger ឬ​ធ្វើជា YouTuber ដោយ​បង្កើតជា​វីដេអូចម្រុះ​ប្រភេទ​ផ្សេងៗ​គ្នា​មាន​ទាំងវីដេអូអបរំ វីដេអូចំណេះដឹង ឬ​វីដេអូ​បែប​កំប្លែងៗ​ទុក​ជាការកម្សាន្ត​ តប​ស្នង​មក​វិញ​ដោយ​ការ​គាំទ្រ​ពី​អ្នក​ទស្សនា​ហើយ​ក៏​ពួក​គេ​អាច​រកចំណូលបានមួយ​ផ្នែក​ទៀត​តាមរយ: YouTube និង Sponsor ជាដើម។

លោក កែវ សៀក ធ្លាប់ចូលរួមកម្មវិធីរបស់ Sabay កន្លង​មក

ថ្ងៃនេះ Sabay នឹង​លើក​ឡើង​ពី​ YouTuber មួយរូបដែលកំពុងមានប្រជាប្រិយភាព នាពេលបច្ចុប្បន្ន​​គឺ **លោក កែវ សៀក** ដែលតែងតែលេចមុខជាច្រើននៅលើបណ្ដាញសង្គមទទួល​បាន​ការ​គាំទ្រ​ពីសំណាក់​យុវវ័យ។ បុរសរូបសង្ហារកូនកាត់ចិនរូបនេះ បានចាប់ផ្ដើមអាជីពជា Vlogger បង្ហោះ​ដាក់ក្នុង Channel YouTube ដំបូង​របស់​ខ្លួន​នៅឆ្នាំ ២០១៧ ​ហើយ​ក៏​កំពុង​ទទួលបានការងារជាច្រើនជាបន្តបន្ទាប់​មក​ទល់​ឆ្នាំ ២០២១ នេះ​។

បន្ទាប់​ពី​កសាង​កេរ្ត៍​ឈ្មោះល្បីលើ​ YouTube ​រក​បាន​ចំនួន​អ្នក​ Subscribers យ៉ាង​ច្រើនសន្ធឹក​ផង​នោះ​។ តើ សៀក ​អាច​រក​ចំណូល​បាន​ប៉ុន្មាន​ដែរ​ YouTube ​ក្នុង​អំឡុង​​ជិត ៤ឆ្នាំមកនេះ?

ដើម្បីស្រាយចម្ងល់ដ៏​អាថ៏​កំបាំង​នេះ សៀក ក៏បានបង្ហោះ​វីដេអូ​មួយ​​ទម្លាយ​​ឲ្យ​​ដឹង​​ពី​ចំណូល​​របស់​ខ្លួន​ដែល​រកបានកន្លងមក។ លោកបានបង្ហាញ​ឈ្មោះឆាណែល Seak Vlogger ដែលមានចំនួន​អ្នក​ Subscribers ជាង 389K និងមាន Views សរុបជាង ៤៣ លានដងរកចំណូលបាន ខ្ទង់ ៥ពាន់ដុល្លារ។

លើស​ពី​នេះ​ទៀត​ សៀក ក៏នៅមាន Channel មួយទៀតគឺ Seak Gaming មានចំនួនអ្នក​ Subscribers ជាង 509K និងមាន Views សរុបជាង ៤៥ លានដង​អាចរកចំណុលបាន ខ្ទង់ ១ម៉ឺនដុល្លារ។ សរុបមក សៀក អាចរកចណូលបានពី YouTube ទាំង ២ របស់ខ្លួនរយ:ពេលជិត ៤ ឆ្នាំនេះគឺបានខ្ទង់ ១ម៉ឺន ៥​ពាន់​ដុល្លារ។

ចង់ដឹងច្បាស់សូម​ទស្សនាវីដេអូ​ខាង​ក្រោម ឬ​ចុច​ត្រង់​នាទីទី ៦:00៖

អត្ថបទ៖ ម៉េងងី