ទៅកម្សាន្តនៅប៉ែកឦសានម្ដង! ៤កន្លែងមិនអាចរំលងបាននៅខេត្តស្ទឹងត្រែង ដើរលេងចុងឆ្នាំនេះសប្បាយបំផុត

  • 2021-11-03 21:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទឹងត្រែងត្រូវបានគេស្គាល់ និងចាត់ទុកថា ជាខេត្តភូមិភាគឦសានរបស់កម្ពុជា ដែលមានតំបន់ទេសចរណ៍សម្បូរបែប ទាំងបែបវប្បធម៌ និងធម្មជាតិជាច្រើនដែលទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិគ្រប់ពេលវេលា។ ស្ទឹងត្រែង មានសក្ដានុពលទេសចរណ៍ វប្បធម៌ប្រពៃណីជនជាតិដើមភាគតិច។

ខេត្តនេះមានទន្លេពីរប្រសព្វគ្នាគឺទន្លេមេគង្គ និងទន្លេសេកុងដែលបានក្លាយជាទន្លេមុខបួនប្រៀបដូចជាទន្លេចតុមុខនៅរាជធានីភ្នំពេញដែរ។ ស្ទឹងត្រែងសំបូរដោយតំបន់ទេសចរណ៍លក្ខណៈធម្មជាតិ និងតាមរដូវកាល ថ្ងៃនេះ Sabay សូមបង្ហាញតំបន់ទេសចរណ៍សំខាន់ចំនួន៤កន្លែងក្នុងចំណោមទីកន្លែងកម្សាន្តជាច្រើននៅខេត្តស្ទឹងត្រែង ដែលទេសចរមិនអាចរំលងបាននៅខេត្តស្ទឹងត្រែង ដើរលេងចុងឆ្នាំនេះសប្បាយបំផុត។

១. ទស្សនាព្រៃលិចទឹកដ៏ធំល្វឹងល្វើយ នៃតំបន់បុរីអូរស្វាយ

ព្រៃលិចទឹកនៅតាមដៃទន្លេមេគង្គជាកន្លែងកម្សាន្តដ៏កម្រមួយនៅប្រទេសកម្ពុជាដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញ។ តំបន់ព្រៃលិចទឹកដ៏ធំល្វឹងល្វើយនេះ គឺជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរសម័យបុរាណ និងជាផ្នែកមួយនៃតំបន់រ៉ាមសា ដែលជាតំបន់អភិរក្ស លិចទឹក មានសត្វផ្សោតតាមដងទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ជាច្រើនទៀត។ វាប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃ ដែលបានផុសឡើងពីទឹកតាមបណ្តោយទន្លេមេគង្គ។ វាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ ប្រសើរ ដែលជាជម្រដ៏ប្រសើរសម្រាប់សត្វព្រៃ។ ជាពិសេស ហ្វូងបក្សាបក្សី និងជាជម្រកត្រីដ៏ប្រសើរក្នុងរដូវវស្សា។

បុរីអូរស្វាយបច្ចុប្បន្ន ជាតំបន់អេកូទេសចរណ៍មែនពិត ប៉ុន្តែកាលពី៦ទសវត្សមុន បុរីអូរស្វាយគឺជាតំបន់ភូមិសាស្រ្ដដ៏សំខាន់មួយរបស់កម្ពុជា។ ព្រះបាទនរោត្ដម ព្រះសីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានបង្កើតបុរីអូរស្វាយឡើង នៅដើមទសវត្សឆ្នាំ ១៩៦០ ដើម្បីការពារព្រំដែនកម្ពុជា ពីប្រទេសជិតខាង។ ស្លាកស្នាមប្រវត្តិសាស្រ្ដរបស់ព្រះអង្គ បានបន្សល់ទុករហូតសព្វថ្ងៃ តាមរយៈស្ដូបអនុស្សាវីយ៍មួយ សង់នៅក្រោមដើមពោធិ៍ដ៏ត្រឈឹងត្រឈៃ ក្នុងភូមិសាស្រ្ដបុរីអូរស្វាយតែម្ដង។ សហគមន៍ទេសចរណ៍បុរីអូរស្វាយ ត្រូវបានគេស្គាល់ថាជាតំបន់ទេសភាពព្រៃលិចទឹកនៃដងទន្លេមេគង្គ ដែលស្ថិតក្នុងខេត្តស្ទឹងត្រែង។ ដើម្បីទៅដល់សហគមន៍ទេសចរណ៍បុរីអូរស្វាយ យើងត្រូវធ្វើដំណើរចេញពីក្រុងស្ទឹងត្រែង ប្រមាណជា ៥៨គីឡូម៉ែត្រ ឆ្ពោះទៅកាន់ស្រុកបុរីអូរស្វាយសែនជ័យ ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់កម្ពុជា-ឡាវ។

បុរីអូរស្វាយមានលក្ខណៈពិសេសជាងតំបន់ដទៃទៀត ត្រង់ថានៅទីនេះមានព្រៃលិចទឹកធម្មជាតិដ៏ធំសម្បើម ជាជម្រកដ៏សំខាន់សម្រាប់ជីវចម្រុះច្រើនប្រភេទ។ អ្នកទេសចរអាចជិះទូកកម្សាន្តកាត់តាមព្រៃលិចទឹក គយគន់ធម្មជាតិដ៏ស្រស់ត្រកាល និងសត្វស្លាបតូចធំដែលហោះហើរប្រដេញគ្នាគួរឲ្យជក់ចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទេសចរណ៍ក៏អាចចែវទូកកាយាក់លេងកម្សាន្តផងដែរ។ សម្រាប់សេវាកម្មទេសចរណ៍នៅទីនេះ សហគមន៍បានរៀបចំផ្ទះស្នាក់ និងរៀបចំចម្អិនម្ហូបជូន តាមការកុម្ម៉ង់ផងដែរ។នៅរដូវប្រាំង ពេលទឹកស្រក ទីនេះបានរំលេចឲ្យឃើញនូវឆ្នេខ្សាច់ពណ៌សដ៏ស្រស់ស្អាត ដែលលាតសន្ធឹង តាមបណ្តោយដងទន្លេ គួរឲ្យចង់ដើរលេងកម្សាន្ត ។

២. ទស្សនាតំបន់ព្រះរំកិលជាអន្លង់ផ្សោតឈើទាល

តំបន់ព្រះរំកិលជាអន្លង់ផ្សោតឈើទាល ស្ថិតនៅព្រំប្រទល់ខ្មែរឡាវ ក្នុងទឹកដីឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានចម្ងាយប្រហែល ៦៩គីឡូម៉ែត្រពីទីរួមខេត្ត។ ពេលទៅដល់មាត់ទន្លេមេគង្គនៅព្រះរំកិល នៅម្ខាងទន្លេមានកោះស្ដាំ ស្រុកចំប៉ាសាក់ ប្រទេសឡាវ រីឯកោះខាងស្ដាំដៃឈ្មោះថា «កោះល្ង»ជាកោះខ្មែរ រីឯប្រជាជននៅទីនោះ ក៏ចេះនិយាយភាសាឡាវច្រើនផងដែរ។

សហគមន៍អេកូទេសចរណ៍ព្រះរំកិល គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ់មួយកន្លែង ជាប់ដងទន្លេមេគង្គ ខេត្តស្ទឹងត្រែង។ តំបន់នេះបង្កើតឡើងនៅឆ្នាំ២០០២ សហគមន៍អេកូទេសចរណ៍ព្រះរំកិល បានទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឲ្យមកទស្សនាកម្សាន្ត តាមរយៈទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត និងសត្វស្លាបកម្រច្រើនប្រភេទដែលតាំងទីលំនៅនៅទីនេះ។ តាមរយៈការជិះទូកកម្សាន្តនេះដែរ ភ្ញៀវទេសចរអាចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ មុននឹងចុះងូតទឹកលេងកម្សាន្តកោះខ្សាច់នានាជាច្រើន។ ភ្ញៀវទេសចរដែលបានលេងទឹកអស់ចិត្តហើយ អាចបន្តដំណើរតាមទូកឆ្ពោះទៅកាន់អន្លង់ឈើទាល។ អន្លង់ឈើទាល គឺជាចំណុចទាក់ទាញពិសេសនៃតំបន់អេកូទេសចរណ៍ព្រះរំកិល ដោយសារតែនៅទីនេះមានសត្វផ្សោតទន្លេមេគង្គរស់នៅ។

តំបន់អេកូទេសចរណ៍ព្រះរំកិល មិនត្រឹមតែជាកន្លែងសម្រាកលំហែដ៏ស័ក្តិសមឥតខ្ចោះសម្រាប់ភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិប៉ុណ្ណោះទេ ផ្ទះសំណាក់ជាច្រើនត្រូវបានរៀបចំទទួលភ្ញៀវទេសចប្រកបដោយសុខុមាលភាពខ្ពស់។ បន្ទាប់ការដើរកម្សាន្តហត់នឿយពេញមួយថ្ងៃ យើងជឿថាគ្មានអ្វីពិសេសជាងការទទួលអាហារដែលចម្អិនយ៉ាងផ្ចិតផ្ចង់ មុនពេលចូលដំណេកនោះឡើយ ។

៣. ទស្សនាទឹកហូរអូរច្រឡង់ ឬហៅថា អូរវែងស្រស់ស្អាតប្រៀបដូច «ក្រមុំព្រហ្មចារី»

ទឹកហូរអូរច្រឡង់ ឬហៅថា អូរវែង ដែលស្ថិតនៅចម្ងាយ៤៤គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែង ប្រៀបដូចជា «ក្រមុំព្រហ្មចារី» នៅក្នុងព្រៃស្ងប់ស្ងាត់ បែបធម្មជាតិសុទ្ធសាធ ហើយភ្ញៀវទេសចរភាគច្រើន នៅមិនទាន់ស្គាល់ ឬទៅលេងច្រើននោះទេ។អូរច្រឡង់ ស្ថិតនៅភូមិអូរច្រឡង់ ឃុំម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

អូរច្រឡង់ អាចឲ្យភ្ញៀវលេងទឹកលេងដ៏ថ្លាឆ្វង់ និងមើលព្រៃព្រឹក្សាយ៉ាងស្រស់ស្អាតសងខាងអូរ។ តំបន់ «សហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល» ឬ «តំបន់ទេសចរណ៍អូរច្រឡង់» មានទឹកហូរខួបប្រាំងខួបវស្សា ដែលប្រភពទឹកហូរចេញពីតំបន់ព្រៃខៀវនៃដែនដីភ្នំស្រុកកែវសីមាខេត្តមណ្ឌលគិរីនៅជាប់ព្រំប្រទល់ស្រុកសៀមបូក ទឹកហូរអូរច្រឡង់មានអំណោយផលល្អពីធម្មជាតិជាមួយទេសភាពព្រៃឈើតូចដុះលាយឡំព្រៃឫស្សីនៅអមសងខាងទឹកអូរ ចោលម្លប់ត្រឈឹងត្រឈៃ និងទទួលបានភ្ញៀវទេសចររាល់ថ្ងៃមិនដាច់ឡើយ ។

៤. ទស្សនាល្អាងភ្នំប្រាក់ ប្រៀបដូចដាននាគដ៏អាថ៌កំបាំង

ល្អាងភ្នំប្រាក់ ដែលស្ថិតនៅក្នុងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅតែជាចម្ងល់ស្រាយមិនចេញ របស់អ្នកភូមិ និងភ្ញៀវទេសចរ ដែលបានទៅទស្សនា ពីមូលហេតុនៃការកកើតរបស់វា។ ពុំទាន់មាននរណាម្នាក់ដឹងពីមូលហេតុ នៃការកកើតល្អាងនេះនៅឡើយទេ មិនដឹងថា វាកើតដោយធម្មជាតិ ឬក៏មនុស្សជាអ្នកដាប់ថ្មធ្វើ។ ល្អាងភ្នំប្រាក់ មានប្រវែងរាប់រយម៉ែត្រ ក្នុងថ្មជម្រៅជាងមួយម៉ែត្រ និងបត់បែនប្រៀបដូចជាដានពស់ ឬនាគវៀរដូច្នោះដែរ។

ល្អាងភ្នំប្រាក់នេះស្ថិតនៅកណ្តាលព្រៃសហគមន៍ដែលក្លាយជាតំបន់ដ៏អស្ចារ្យសម្រាប់បោះជំរំកម្សាន្ត។ រហូតដល់ពេលនេះ មានភ្ញៀវទេសចរតិចតួចបំផុតបានទៅដល់ទីនោះ។ ល្អាងភ្នំប្រាក់ ស្ថិតនៅជើងភ្នំប្រាក់ មានចម្ងាយប្រហែល ១៨គីឡូម៉ែត្រ ពីឃុំអូរស្វាយ។ ដើម្បីទៅដល់ល្អាងភ្នំមួយនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយជិះទូកតាមដៃទន្លេមេគង្គ រយៈពេលប្រហែល១ម៉ោង ទើបដល់ភូមិវឿនសៀន រួចបន្តធ្វើដំណើរដោយថ្មើរជើង ឬជិះគោយន្តចូលទៅព្រៃ៣គីឡូម៉ែត្រទៀត៕

ប្រភព៖ ផ្លូវទៅស្រុក

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន