សម្តេចលើកឡើងថា «ការប្រើប្រព័ន្ធបច្ចេកវិទ្យា ជួយលុបបំបាត់អំពើពុករលួយ»

  • 2022-02-06 23:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំពុងប្រើប្រាស់យ៉ាងទូលំទូលាយស្ទើរតែគ្រប់ស្ថាប័នឯកជន​និងរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធនោះដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដំណើការនានាក្នុងការបំពេញកិច្ចការឲ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។

ជាមួយគ្នានោះដែរ តាមរយៈគណនីតេឡេក្រាម អគ្គនាយកដ្ឋានពន្ធដារ «ព័ត៌មានពន្ធដារកម្ពុជា» បានចែករំលែកនូវប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លើកឡើងថា​៖ “ឥឡូវនេះយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងលុបបំបាត់អំពើពុករលួយ។ ឧទាហរណ៍ជាក់ស្ដែង ពន្ធដារ បច្ចុប្បន្ន យើងមិនឲ្យអ្នកជាប់ពន្ធ ជាមួយនឹងមន្រ្តីពន្ធដារ ជួបមុខគ្នាផ្ទាល់នោះទេ ដោយសារការជួបមុខគ្នា អាចនឹងមានការតថ្លៃកើតឡើង។ ឧទាហរណ៍៖ ត្រូវបង់ ១០០ដុល្លារ តែជជែកគ្នាបង់តែ ៧០ដុល្លារដល់៣០ដុល្លារទៀតចែកគ្នាពាក់កណ្ដាលម្នាក់។ ឥឡូវអត់ទេ! បើត្រូវបង់ពន្ធណាមួយ ត្រូវបង់តាមធនាគារ ដោយមិនមានការចាំបាច់ណាមួយជួប។”

រូបតំណាងប្រព័ន្ធចុះបញ្ជីអាជីវកម្ម

សម្តេច​បានបន្ថែមទៀតថា៖ “យើងមានប្រព័ន្ធទិន្នន័យ ទោះបីលោកទៅដល់ជើងមេឃ ក៏នៅតែអាចដឹងបានថា នៅថ្ងៃហ្នឹង ចំណូលបានកើនឡើងបានប៉ុណ្ណេះ ហើយក្នុងខែ ឬឆ្នាំហ្នឹងបានប៉ុណ្ណេះ។ ដូចនេះយើង ប្រើប្រាស់ប្រព័ន្ធអស់ទាំងហ្នឹង ដើម្បីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈទាក់ទងនឹងការប្រមូល ចំណូលពន្ធ ហើយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបានជួយយើងនិងរុញរួមចំណែកកំណែទម្រង់នោះ។ យើងត្រូវតែដើរឲ្យទាន់សម័យកាល ចឹងហើយបានជាលក្ខខណ្ឌខ្លះក៏ត្រូវមានដែរ បើមន្រ្តីណាមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នឹងមិនត្រូវបានតែងតាំងនោះទេ៕” សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា