ប្រធានសហព័ន្ធហាប់គីដូអាណត្តិថ្មី៖ ការបណ្ដុះធនធានគ្រូបង្គោលជារឿងត្រូវធ្វើមុនគេ
- 2022-04-08 02:22:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធហាប់គីដូអាណត្តិថ្មី៖ ការបណ្ដុះធនធានគ្រូបង្គោលជារឿងត្រូវធ្វើមុនគេ
ចន្លោះមិនឃើញ
លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ ថាទិសដៅសំខាន់ៗដែលត្រូវធ្វើពីពេលនេះគឺដូចជាការបណ្ដុះបណ្ដាលធនធានគ្រូបង្គោល ពង្រីកផ្សព្វផ្សាយតាមស្ថាប័នរដ្ឋ និងឯកជនជាដើម។
ប្រធានសហព័ន្ធខាងលើនេះបានឲ្យដឹងថា ការចូលជាថ្នាក់ដឹកនាំរបស់ហាប់គីដូនេះគឺផ្ដើមចេញពីការស្រឡាញ់ចូលចិត្ត និងសារប្រយោជន៍ផ្នែកសុខភាពជាច្រើនបន្ទាប់ពីបានហ្វឹកហាត់នាពេល៩ឆ្នាំកន្លងទៅនេះ។ លោកមានចិត្តរីករាយដែលគណៈកម្មការប្រតិបត្តិ និងមន្ត្រីសហព័ន្ធទុកចិត្តក៏ដូចជាជ្រើសរើសធ្វើជាប្រធាននៅពេលនេះ។
លោកឧកញ៉ា សៅ សេងហាក់ បន្ថែមទៀតថា ចំពោះទិសដៅក្នុងការជំរុញអភិវឌ្ឍន៍វិស័យក្បាច់គុនមួយនេះឲ្យរីកចម្រើន និងឈានទៅរកភាពជោគជ័យជាងនេះទៅទៀត គឺសហព័ន្ធត្រូវបណ្ដុះធនធានគ្រូបង្គោលឲ្យបានច្រើនដើម្បីពង្រីកដល់ការបង្ហាត់ផ្សព្វផ្សាយ។ មួយវិញទៀតសហព័ន្ធនឹងព្យាយាមពង្រីកការផ្សព្វផ្សាយក្បាច់គុននេះមិនថានៅរាជធានីភ្នំពេញនោះទេ ពោលរុញឲ្យដល់បណ្ដាខេត្តថែមទៀតផងជាពិសេសតាមស្ថាប័នរដ្ឋ ឯកជន។
បញ្ជាក់ដែរថា ម្សិលមិញនេះសហព័ន្ធខ្មែរកីឡាហាប់គីដូ បានធ្វើមហាសន្និបាតបញ្ចប់អាណិត្តិទី៦ និងលើកទិសដៅបន្តអាណិត្តិទី៧ ឆ្នាំ២០២០-២០២៤។ ដោយឡែកអាណិត្តិថ្មីនេះដែរលោកឧកញ៉ា សៅ សេងហាក់ បានជាប់ជាប្រធានថ្មីបន្ទាប់ពីប្រធានចាស់ឯកឧត្ដម ម៉ក់ សំអុល សុំលាលែង។ សមាសភាពអាណត្តិទី៧នេះរួមមាន លោកឧកញ៉ា សៅ សេងហាក់ ប្រធាន លោក គង់ ចាន់ធីណា អគ្គលេខាធិការ និងលោក អ៊ី មុយលី អគ្គហេរញ្ញិក៕