ឪពុករបស់អ្នករាំ ដែលត្រូវ LED ទម្ងន់ ៦០០គីឡូធ្លាក់សង្កត់ មក Update សភាពកូនបច្ចុប្បន្ន

  • 2022-08-15 19:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកតាមការចេញផ្សាយរបស់វិបសាយ HK01 នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា ឪពុករបស់អ្នករាំ Lee Kai Yin (ក្រុម MIRROR) គឺលោក Derek Lee Shing Lam បានចេញមកជម្រាបពីស្ថានភាពកូនប្រុសខ្លួន បន្ទាប់ពីជួប​ហេតុការណ៍ដ៏រន្ធត់ ដោយត្រូវផ្ទាំង LED ទម្ងន់ ៦០០គីឡូ ធ្លាក់សង្កត់។

តាមគ្រួសារ​ បាន​ឲ្យដឹង​ថា​ Lee Kai Yin នៅ​ស្ថិតក្រោម​ការពិនិត្យ ព្យាបាលយ៉ាងយកចិត្តទុកដាក់ នៅមន្ទីរពេទ្យ Queen Elizabeth នៅឡើយ។ លោក​ទើប​វះកាត់ធំៗ ដល់ទៅ២ផ្នែក​នៅ ក ដើម្បីបង្រួម និងរក្សាលំនឹងផ្នែកទាំង ២ នៃឆ្អឹងកងខ្នង ពិសេសក្រុមគ្រូពេទ្យបានធ្វើ Tracheotomy (ការវះកាត់បើកបំពង់ខ្យល់) ដើម្បីបង្កើតផ្លូវដង្ហើមសិប្បនិមិត្ម ជួយលោកឲ្យដកដង្ហើមបាន។ ទោះជាយ៉ាងណា ល្បឿននៃការជាសះស្បើយ គឺយឺតណាស់។

Lee Kai Yin និងឪពុកម្ដាយ

ឯវិបសាយ The Straitstimes វិញ បាន​លើកឡើងតាមប្រភពថា ដំណើរការ​នៃ​ការ​ជាះស្បើយរបស់ Lee Kai Yin ពិតជា​យឺតណាស់ ហើយលោកក៏អាច​នឹង​បន្តព្យាបាល​នៅមន្ទីរពេទ្យ យ៉ាងតិច ៩ខែ។ ប៉ុន្តែនៅពេល​ដែល​អាច​ចេញពីពេទ្យបាន លោកក៏​ត្រូវ​ការ​អ្នកជួយ ក្នុងជីវិតរស់នៅប្រចាំថ្ងៃដែរ។

ឪពុករបស់អ្នករាំរូបនេះ បាន​ឲ្យដឹង​ដែរថា កូនខ្លួនអាច​ប្រាស្រ័យទាក់ទង​ជាមួយនឹងអ្នកជុំវិញ​ខ្លួនបាន បើទោះជា​ពេលនេះ នៅមិនទាន់អាចនិយាយបានក៏ដោយ ដោយសារតែវះកាត់បំពង់ខ្យល់។

បន្ថែម​ពីលើនេះ លោក Lee ដែលជាឪពុក​ ក៏បាន​អរគុណដល់ក្រុមគ្រូពេទ្យ សម្រាប់ការព្យាបាល​កូន​ប្រុសខ្លួន ព្រម​ទាំង​មិត្តស្រីរបស់កូន គឺតារា​ចម្រៀង Natalie ដែលមិនទៅណា ហើយចាំមើលថែ ក្នុងពេល​ដ៏លំបាកមួយនេះ ក៏ដូចជាមហាជនដែលផ្ដោតការយកចិត្តទុកដាក់ និងបារម្ភចំពោះកូនប្រុសរបស់លោក។

Lee Kai Yin & មិត្តស្រី

រម្លឹក​ផងដែរថា ក្រុមចម្រៀងហុងកុង MIRROR បាន​ប្រារព្ធការប្រគំតន្ត្រីលើកទី របស់ខ្លួន​នៅ Red Pavilion។ អំឡុងពេល​សម្ដែងលើឆាក ស្រាប់តែផ្ទាំង LED ធ្លាក់ចុះ ហើយជាអកុសល មកចំ Lee Kai Yin តែម្ដង បង្កជាការភ្ញាក់ផ្អើល មិនត្រឹម​តែក្នុងប្រទេសទេ ប៉ុន្តែគឺជុំវិញពិភពលោក។

ក្រោយមានរឿង​នេះ ក្រុមហ៊ុនដែល​ជា​អ្នកគ្រប់គ្រងរបស់​ក្រុម​ចម្រៀងមួយនេះ​​ក៏ចាត់វិធានការភ្លាមៗ ក្នុងការ​ស៊ើបរកមូលហេតុដែលបង្កឲ្យមាន​ហេតុការណ៍នេះ។ ក្រុមហ៊ុនក៏បាន​សុំទោសដល់ជនរងគ្រោះ និងគ្រួសារ ពិសេសមហាជន​ទាំងអស់ និងទទួលខុសត្រូវទាំងស្រុងនូវការព្យាបាលជនរងគ្រោះឲ្យបាន​ខ្ពស់ ព្រមទាំងធានារ៉ាប់រងរាល់ថ្លៃព្យាបាល និងសង្ឃឹមថា​ពួកគេនឹង​ជាសះស្បើយឆាប់ៗ៕

ប្រភព៖ Kenh14 | Straits Times   អត្ថបទ៖ ធារី