កុំខ្លាចថាទៅកំពត អស់កន្លែងលេង! តិចទៀត ខេត្តនឹងអភិវឌ្ឍឆ្នេរសម្រាប់ឱ្យភ្ញៀវស្រូបខ្យល់គយគន់ថ្ងៃលិច
- 2023-02-15 23:26:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំខ្លាចថាទៅកំពត អស់កន្លែងលេង! តិចទៀត ខេត្តនឹងអភិវឌ្ឍឆ្នេរសម្រាប់ឱ្យភ្ញៀវស្រូបខ្យល់គយគន់ថ្ងៃលិច
ចន្លោះមិនឃើញ
ខេត្តកំពត មានតំបន់ទេសចរណ៍ស្ទើរតែគ្រប់ប្រភេទទៅហើយ ដែលបានក្លាយគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ជាពិសេសគឺភ្នំបូកគោ និងរមណីយដ្ឋានតាមដងព្រែកកំពត ប៉ុន្តែនៅខ្វះតំបន់ឆ្នេរសម្រាប់ការកម្សាន្តរបស់ភ្ញៀវ។ ដើម្បីស្រូបភ្ញៀវបន្ថែមទៀតនោះ រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន បាននឹងកំពុងរៀបចំអភិវឌ្ឍតំបន់ឆ្នេរនៅក្នុងខេត្តនេះ ហើយក៏នឹងរៀបចំច្រើនកន្លែងទៀតផងនាពេលអនាគត។
ក្នុងសន្និសីទកាសែតដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា នៅក្នុងខេត្តកំពត មានឆ្នេរសមុទ្រដែលលាតសន្ធឹងប្រវែង ៦៥គីឡូម៉ែត្រ។ យ៉ាងណាមិញលោកលើកឡើងថា កន្លងមកខេត្តកំពតមិនមានឆ្នេរនោះទេ ប៉ុន្តែឥឡូវនេះរដ្ឋបាលខេត្តគឺអភិវឌ្ឍឆ្នេរជាប់ជាមួយព្រែកកំពតតែម្តង។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ដូច្នេះថា៖« ឆ្នេរនោះ យើងអាចទទួលទានអាហារនៅពេលល្ងាច និងគយគន់ថ្ងៃលិចដែលជាប់ប៉ប្រះជាមួយនឹងភ្នំបូកគោ ហើយប្រកបដោយខ្យល់អាកាសល្អ។ ហើយនៅទិសដៅខាងមុខនេះ យើងនឹងបង្កើតឆ្នេរថ្មីៗទៀត ដើម្បីស្រូបទេសចរ»។
យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតពីថ្ងៃទី៣០ ខែមករា ដល់ ៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបជាង ៣០ម៉ឺននាក់។ ក្នុងនោះខេត្តកំពត ឈរនៅលេខរៀងទី៧ ដែលទទួលបានភ្ញៀវជាង ២ម៉ឺន ២ពាន់នាក់៕