កន្លែង​ថតរូបថ្មី​ពេល​ចូលឆ្នាំខ្មែរ! ក្នុងតំបន់​ប្រាសាទ​ព្រះធាតុបាស្រី នៅត្បូងឃ្មុំ មាន​ការដាំផ្កាស្បែរឿង​ដល់ ១លានដើម​ឯណោះ

  • 2023-02-27 23:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្លេ​ស្ងួត ក្នុងតំបន់​ប្រាសាទ​ព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុក​អូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងត្រូវបាន​រៀបចំប្រែក្លាយជាតំបន់រម្មណីដ្ឋានធម្មជាតិអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា ដោយមានការដាំផ្កាស្បៃរឿងចំនួន១លានដើម ការដាំដើមឈើ និងប្រើប្រាស់ពន្លឺអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលជាថាមពលកកើតឡើងវិញ។ នេះបើតាម​ការចុះផ្សាយរបស់​ក្រសួង​បរិស្ថាន។

ថ្មីៗកន្លងមកនេះ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ផ្កាស្បៃរឿងទាំង១លានដើម បានដាំនៅទីតាំងប្រវត្តិសាស្រ្ត«ទន្លេស្ងួត» រួចហើយ ដើម្បីថ្វាយដល់ទេវតាឆ្នាំថ្មី ដែលគ្រោងយាងមកប្រោសព្រំពរជ័យសិរីសួស្តី ជូនប្រជារាស្រ្ត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ និងយាងគ្រប់គ្រងទឹកដីនៃព្រះរាជារាណាចក្រកម្ពុជានាពេលខាងមុខ។

ជាមួយគ្នានេះ ក្រុមការងារបានសាងសង់ហេដ្ឋរចនាសម្ព័ន្ធនៅលើទីតាំងផ្ទាល់ ជាទីន្លែងស្តុកទឹក យ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម និងបានដាំដើមឈើ ជិត១ពាន់ដើម ផងដែរ។ ក្រុមការងារ បានកែលម្អទីតាំងប្រវត្តិសាស្រ្ត ជារម្មណីយដ្ឋានស្រស់ស្អាត បំពាក់ប្រព័ន្ធអគ្គិសនីសូឡាចំនួន៥០ បង្គោលបំភ្លឺថែមទៀត ទុកជូនសម្រាប់​បងប្អូនប្រជាពលរដ្ឋ មកលេងចូលឆ្នាំខ្មែរ ក៏ដូចជានៅពេល​ចុងសប្តាហ៍ និងក្នុងបុណ្យទានផ្សេងៗ។

បើតាមលោក អ៊ាង សុផល្លែត ការរៀបចំបង្កើតរមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ «ទន្លេស្ងួត»ដើម្បីទុកជាប្រយោជន៍សម្រាប់​ប្រជាពលរដ្ឋ ជាពិសេសជួយពង្រឹងជីវភាពសហគមន៍នៅក្នុងតំបន់ តាមរយៈ​ការអភិវឌ្ឍទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី និងការរស់នៅដោយចីរភាព។

សូមបញ្ជាក់ថា ផ្តើមចេញពីសុខសន្តិភាព មូលដ្ឋានស្រុកអូររាំងឪ បានទទួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ពីរាជរដ្ឋាភិបាល ក៏ដូចជាពីក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានជួយដោះស្រាយការលំបាក និងជួយពង្រឹងជីវភាពប្រជាពលរដ្ឋជាប្រចាំ។ ជាមួយគ្នានេះ សមិទ្ធផលថ្មីនៃក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ នឹងជួយឲ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិគំរូមួយនៅកម្ពុជា សម្រាប់ទាក់ទាញទេសចរ និងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋាន។

តំបន់ប្រាសាទបុរាណព្រះធាតុបាស្រី ដែលបានកសាងឡើង អំពីថ្មភក់ តាំងពីសម័យមុនអង្គរ ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរព រហូតដល់សព្វថ្ងៃ។ ទន្លេស្ងួត ជាទីតាំង មួយដែល មានរឿងដំណាលថា ព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជក្នុងប្រវត្តិសាស្រ្ត ជាពិសេសក្នុងរាជព្រះអង្គស្តេចកន បានមកបែបន់ និងបានសម្រេចជោគជ័យ តាមបំណងប្រាថ្នារបស់ព្រះអង្គ៕

អត្ថបទ៖ សំភី