បុណ្យទន្លេចាប់ផ្តើមថ្ងៃនេះហើយ នៅតាមបណ្តោយដងស្ទឹងសែន ខេត្តកំពង់ធំ
- 2023-03-08 01:12:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យទន្លេចាប់ផ្តើមថ្ងៃនេះហើយ នៅតាមបណ្តោយដងស្ទឹងសែន ខេត្តកំពង់ធំ
ចន្លោះមិនឃើញ
ពិធីបុណ្យទន្លេលើកទី៧ បានចាប់ផ្តើមប្រព្រឹត្តធ្វើឡើងហើយ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)។ ពិធីបើកជាផ្លូវការនឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ខណៈទិដ្ឋភាពនេះគឺនៅតាមបណ្ដោយដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យទន្លេលើកទី៧នេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ទិត ចន្ថា បានស្នើដល់អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាកម្មជូនភ្ញៀវប្រកបដោយគុណភាពល្អប្រសើរ និងមិនត្រូវដំឡើងថ្លៃសេវាកម្មច្រើនហួស ដែលអាចបង្កជារូបភាពមិនល្អនាំឱ្យប៉ះពាល់ដល់គោលដៅទេសចរណ៍ខេត្តកំពង់ធំឡើយ។
ឯកឧត្ដមបានបន្តណែនាំឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយសេវាកម្មត្រូវតែល្អស្ថិតក្នុងកម្រិតស្ដង់ដា និងប្រកបដោយទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ស្របតាមយុទ្ធនាការ «សេវាមួយ ស្ដង់ដាមួយ»។ ទន្ទឹមនឹងនេះ អាជីវកម្មទាំងអស់ក៏ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដោយផ្ដើមចេញពីការអនុវត្តប្រចាំថ្ងៃ និងបំពេញតាមតម្រូវការភ្ញៀវបច្ចុប្បន្នចូលចិត្តកន្លែងស្អាត មានសេវាល្អ គុណភាព និងអនាម័យ។
លើសពីនេះ ឯកឧត្ដម ទិត ចន្ថា បានស្នើដល់រដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ បង្គន់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អក្នុងឱកាសពិធីបុណ្យទន្លេនេះ ដោយឈរលើមូលដ្ឋានក្រុងស្ទឹងសែនជាជ័យលាភីផ្ការំដួល២ទង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងទៅនេះ។
អង្គសិក្ខាសាលាបានឱ្យដឹងថា ពិធីបុណ្យទន្លេមានគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៅកម្ពុជាតាំងពីឆ្នាំ២០១៤ ដូចមានបញ្ជាក់ក្នុងអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ស្ដីពីពិធីបុណ្យទន្លេ៕