ក្រៅពី ABA និងអេស៊ីលីដា តើមានធនាគារប៉ុន្មានទៀត​​ដែលលោក​អ្នកអាច​បង់លុយ ​បានចូលជិះផ្លូវល្បឿនលឿន?

  • 2023-03-13 23:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់ពេលនេះ មានគ្រឹះស្ថាន​ធនាគារ​ចំនួន៧ហើយ ដែល​លោកអ្នក​អាច​បង់​កម្រៃប្រើប្រាស់​ផ្លូវល្បឿនលឿន រួមមាន​ ACLEDA, CHIPMONG, ABA, WING, VATTANAC, CANADIA, និង LYHOUR។ នេះបើតាម​ការចុះផ្សាយ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២៣។

ក្រៅពីនេះ មាន​គ្រឹះស្ថាន​ចំនួន ១២ អាចបង់កម្រៃសេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន ០៧គ្រឹះស្ថានខាងលើ និងធនាគារ CAMPU, SATHAPANA, PIPAY, PRINCE និង FTB។ ដោយឡែក ១១គ្រឹះស្ថាន ផ្សេងទៀតគឺជាគ្រឹះស្ថាន ដែលមានបំណងចូលរួមបម្រើសេវាសាធារណៈ និងសេវាពាក់ព័ន្ធក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ហើយកំពុងក្នុងដំណើរការនីតិវិធីឯកសារ និងបច្ចេកទេស ដែលក្នុងនោះមានទាំង គ្រឹះស្ថាន VISA និង MASTER ផងដែរ។

គួរដឹងថា ការចូលរួមពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ នឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចបង់កម្រៃសេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿនតាមជម្រើសគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារណាមួយ ដែលបងប្អូនប្រជាពលរដ្ឋមានគណនីជាមួយ។ តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគ្រប់គ្រង និងផ្ទៀងផ្ទាត់កម្រៃសេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ និងជួយសម្រួលដល់គ្រប់អង្គភាពពាក់ព័ន្ធជាមួយសុក្រឹតភាពរបាយការណ៍ និងពន្លឿនការផ្តល់សេវាឱ្យកាន់តែរហ័សជូនប្រជាពលរដ្ឋ។

គិតចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ មានយានយន្តធ្វេីចរាចរណ៍ លេីផ្លូវល្បឿនលឿនសរុបចំនួន ៩៨ ៨៨៨ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយ តាមទូរសព្ទសង្រ្គោះ ១៣៩៩ សរុបចំនួន ១៦៦ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០២ករណី បញ្ហាខូចយានយន្ត ៦៦ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩៨ករណី)។ នេះបើតាម​ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ៕

អត្ថបទ៖ សំភី