ជិះតាមផ្លូវជាតិ​លេខ៣ ទៅលេង​កំពត គួរឆ្លៀត​ចូលលេងថតរូប​នៅ​ទំនប់ម្លេចបន្តិចទៅ កុំឱ្យខាតព្រោះថាមិនចាំបាច់​ត្រូវដេក១យប់នោះទេ

  • 2023-04-04 01:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលឆ្នាំនេះ បើលោកអ្នកមានគម្រោង​ទៅលេង​ខេត្តកំពត ដោយជិះតាមផ្លូវជាតិលេខ៣ គឺកុំភ្លេចឆ្លៀត​ចូល​លេងទំនប់ម្លេច​បន្តិចទៅ ព្រោះច្រកចូលមិនជ្រៅប៉ុន្មាននោះទេ ប៉ុន្តែវា​ជាកន្លែងដែលមានទេសភាព​ដ៏ស្រស់ស្អាត អំណោយផលខ្លាំងដល់ការថតរូបលេងកម្សាន្ត។

រមណីយដ្ឋាន​នេះ មាន​ទីតាំង​ស្ថិត​នៅ ព្រំប្រទល់​រវាង​ខេត្ត​កំពត​និង តាកែវ ក្នុង​ទឹក​ដី ស្ថិត​នៅ​ឃុំ ជ្រេស ស្រុក ជុំគិរី ខេត្តកំពត មាន​ចម្ងាយ​ប្រមាណ ៩០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ដោយ​បទ​​ស្ដាំ​ចូល​​ប្រវែង​ប្រហែល​៦ គីឡូម៉ែត្រ។ បើគិតចម្ងាយពីរង្វង់មូលធុរេន គឺតែ​ ៥៨គីឡូម៉ែត្រតែប៉ុណ្ណោះ។

នៅ​ទី​នេះ​ប្រៀបប្រដូច​ជា​ ឋានសួគ៌​​មួយ ព្រោះ​វា​នៅ​ជ្រលង​ភ្នំ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រស់ស្រាយ​អារម្មណ៍ លង់​នឹង​បឹង​ធម្មជាតិ អម​ជា​មួយ​ភ្នំ​សង​ខាង។ មិនតែប៉ុណ្ណោះ ទំនប់ម្លេច​ត្រូវបានរៀបចំកែច្នៃកាន់តែទាក់ទាញ ជាពិសេស​គឺ​មាន​ស្ពានឈើ​លើទឹក សម្រាប់​ឱ្យភ្ញៀវ​ដើរកម្សាន្តលេងថតរូបតាមស្តាយល៍​រៀងៗខ្លួន។

ពេលទៅដល់កំពត លោកអ្នកអាច​ទៅលេងទឹកឈូ ឬឡើងបន្តិចទៅលេងទឹកធ្លាក់តាដា ឬរមណីយដ្ឋាន​ណាមួយក៏បាន​ ព្រោះថានៅតាមបណ្តោយផ្លូវទឹកឈូនេះ គឺមានរមណីយដ្ឋានច្រើនកន្លែងណាស់ ហើយចាំដល់ពេលល្ងាច​ ចេញមកផ្ទះវិញក៏បានដែរ៕

ប្រភពរូបភាព៖ ផេកហ្វេសប៊ុក "The Night View"

អត្ថបទ៖ សំភី