ច្បាស់ហើយ! ថ្ងៃ​បើកការដ្ឋាន​ផ្លូវល្បឿនលឿនទីពីរទៅបាវិត ឯផ្លូវល្បឿនលឿនទី៣ ទៅសៀមរាប ក៏រំពឹង​ថា​នឹងអាចសាងសង់ផងដែរ

  • 2023-04-20 19:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ផ្លូវល្បឿនលឿន​ទីពីរនៅកម្ពុជា គឺពីភ្នំពេញ​ ទៅបាវិត នឹង​ត្រូវបើកការដ្ឋាន​សាងសង់ក្រោមអធិបតីភាព​សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី​៧ ខែមិថុនា​ ឆ្នាំ​២០២៣។ នេះបើតាម​ការថ្លែងបញ្ជាក់​របស់​ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងពិធី​សម្ពោធ​បើក​ឱ្យប្រើប្រាស់​ជាផ្លូវការ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសយានយន្ត សាខា​សំរោងអណ្តែត នាព្រឹកថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៣។

ឯកឧត្តម បាន​បញ្ជាក់​បន្ថែម​ទៅកាន់អ្នកសារព័ត៌មាន​ថា ផ្លូវល្បឿនលឿន​ទីពីរនេះ រំពឹង​នឹង​បញ្ចប់​ទាំងស្រុង​នៅដើមឆ្នាំ​២០២៧ គឺដំណាលគ្នា​ទៅនឹង​ផ្លូវល្បឿនលឿនរបស់វៀតណាម ពីម៉ុកបៃ ទៅហូជីមិញ​ផងដែរ។

សូមជម្រាប​ថា គម្រោង​ផ្លូវល្បឿនលឿនទីពីររបស់​កម្ពុជានេះ មានប្រវែងសរុប ១៣៨គីឡូម៉ែត្រ ដោយតភ្ជាប់ពី​រាជធានីភ្នំពេញ កាត់តាម​ខេត្តកណ្តាល ព្រៃវែង រួច​ទៅដល​់ក្រុងបាវិត ខេត្តស្វាយរៀង ​ដែល​មានព្រំដែន​ជាប់​ជាមួយប្រទេសវៀតណាម។ ផ្លូវល្បឿនលឿននេះ គ្រោងចំណាយថវិកាសាងសង់ជាង ១,៦ពាន់លានដុល្លារ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏ត្រៀម​បញ្ចេញ​ថវិកា ២០០លានដុល្លារ សម្រាប់​សាងសង់​ស្ពាន​តភ្ជាប់ពី​ផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បី​ភ្ជាប់​ជាមួយ​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ដែល​អនុញ្ញាតឱ្យប្រជាពលរដ្ឋ​ឆ្លងទៅវិញទៅមក​ ដោយមិនចាំបាច់​បង់ប្រាក់ឡើយ។

ឯកឧត្តម​ ស៊ុន ចាន់ថុល ក៏បាន​បង្ហើប​ពីគម្រោង​ផ្លូវល្បឿនលឿនទី៣ ពីភ្នំពេញ ទៅ សៀមរាប ដែល​គ្រោងបញ្ចប់ការសិក្សានៅខែឧសភា​ខាងមុខ ហើយនឹង​បើកកិច្ចពិភាក្សា​ ដែល​ឯកឧត្តម​រំពឹងថា នឹង​អាច​សាងសង់បាន៕

អត្ថបទ៖ សំភី