សោកស្តាយ​ដែល​មិនអាច​សង់​រង្វង់មូល​នៅ​ចំណុចប្រសព្វ​លើផ្លូវជាតិលេខ៤១ ក្នុងទីរួម​ស្រុកជុំគិរី ខេត្តកំពត

  • 2023-04-23 21:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គម្រោង​ស្ថាបនា​រង្វង់មូល​នៅ​ចំណុច​ប្រសព្ទ​ទាំង៤ លើផ្លូវជាតិលេខ៤១ ក្នុងទីរួម​ស្រុក​ជុំគិរី ខេត្តកំពត ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ និងកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ គឺ​មិនអាច​ធ្វើបានឡើយ ដោយ​សារទីតាំង​នោះ​ពុំមាន​ទំហំ​គ្រប់គ្រាន់ ត្រូវតាម​ស្តង់ដារ​ដែល​អាចស្ថាបនា​ជារង្វង់​មូលបាននោះទេ។ នេះបើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុនសាជីវកម្ម​ស្ពាន និងថ្នល់ចិន CRBC ក្នុងកិច្ចប្រជុំជាមួយ​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២៣។

យ៉ាងណាមិញ រដ្ឋបាលខេត្តកំពត បាន​ស្នើសុំ​ក្រុមហ៊ុនដើម្បី​សិក្សា​បំពាក់​ជាភ្លើង​សញ្ញាចរាចរណ៍​ជំនួស​រង្វង់មូលវិញ។

សូមជម្រាប​ថា ផ្លូវជាតិលេខ៤១ ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (ថ្នល់ទទឹង) ខេត្តកណ្ដាល រហូតដល់ ចំណុចប្រសព្វផ្លូវជាតិលេខ៣ ស្រុកជុំគិរី ខេត្តកំពត ត្រូវបាន​បើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព​ កាលពីចុងខែធ្នូ​ ឆ្នាំ​២០២២​កន្លងទៅ។

គម្រោង​នេះ​ត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះនឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន៖ ពង្រីកស្ពានចាស់ចំនួន ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងនេះ ត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់សរុបចំនួន ៤០ខែ ដែលនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦។ ការសាងសង់គម្រោងនេះគ្រោងនឹងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ៤១ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ដែលឆ្លងកាត់ខេត្តចំនួន ០៤ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ដែលផ្លូវនេះក្រោយបញ្ចប់ការសាងសង់ នឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផល ដំណាំស្រូវ ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕

អត្ថបទ៖ សំភី