កូនខ្មែរ សម្ងំផលិតតែ ពីកញ្ចុំផ្កាម្រេចនាំចេញទៅបរទេស ហើយទទួលបានកម្មសិទ្ធិបញ្ញាអន្តរជាតិទៀត
- 2023-04-26 21:02:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនខ្មែរ សម្ងំផលិតតែ ពីកញ្ចុំផ្កាម្រេចនាំចេញទៅបរទេស ហើយទទួលបានកម្មសិទ្ធិបញ្ញាអន្តរជាតិទៀត
ចន្លោះមិនឃើញ
ទន្ទឹមកម្ពុជានាំចូលផលិតផលតែជាច្រើនប្រភេទ ជាច្រើនស្លាកយីហោ មកចរាចរណ៍ក្នុងប្រទេស ប៉ុន្តែក៏មានកូនខ្មែរមួយក្រុម សម្ងំផលិតផលិតផលតែ ពីសន្លឹកកញ្ចុំផ្កាម្រេចបានសម្រេចយកទៅលក់លើទីផ្សារអន្តរជាតិ ថែមទាំងទទួលបានកម្មសិទ្ធិបញ្ញាអន្តរជាតិថែមទៀត។
ផលិតផលតែសុខភាពខ្មែរនេះ ឈ្មោះថា "Kirirum” ដែលមានច្រើនរសជាតិដូចជា រសជាតិខ្ញី រសជាតិម្លិះ និងតែរសជាតិដើម។ ផលិតផលនេះ ស្ថិតក្រោមចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Confirelជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឱសថមេ PPM ដែលមានលោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ជាប្រធាន។
Confirel មានបេសកកម្មបង្កើតផលិតក្នុងស្រុកជាច្រើនប្រភេទ។ ជាក់ស្ដែងដូចជា ផលិតផលតែសុខភាព "Kirirum”។ តាមលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានក្រុមហ៊ុនឱសថ PPMផលិតផលតែសុខភាពខ្មែរយីហោ "Kirirum” ត្រូវបានស្រាវជ្រាវ និងអាចផលិតដាក់លក់លើទីផ្សារក្នុងឆ្នាំ 2007 និងទទួលបានកម្មសិទ្ធិបញ្ញាអន្តរជាតិក្នុងឆ្នាំតែមួយនេះ ដែលជាផលិតផលខ្មែរទី១ ទទួលបានការទទួលស្គាល់ទូលាយកម្រិតអន្តរជាតិ។
លោកឧកញ៉ាឱសថបណ្ឌិត បញ្ជាក់ថា កម្មសិទ្ធិបញ្ញាអន្តរជាតិនេះ គឺគេឲ្យទៅលើការស្រាវជ្រាវ ដែល Confirel បានយកកញ្ចុំផ្កាម្រេចមកផលិតជាតែ ដែលមានរសជាតិឆ្ងាញ់ និងមានសារធាតុជួយបណ្ដេញជាតិពុលចេញពីរាងកាយថែមទៀត។ កម្មសិទ្ធិបញ្ញាអន្តរជាតិនេះ ទទួលបានពីប្រទេសចំនួន ១០ គឺ ប្រទេសបារាំង សហគមន៍អឺរ៉ុប ប្រេស៊ីល ជប៉ុន កូរ៉េ ចិន ឥណ្ឌូនេស៊ី ម៉ាទ្ឡេស៊ី និងហ្វីលីពីន។
មកដល់បច្ចុប្បន្ន ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកខ្លះ តែសុខភាព "Kirirum” បានបំបែកនាំចេញទៅទីផ្សារបរទេសខ្លះទៀត មានបារាំង និងជប៉ុន។ យ៉ាងណាក៏ដោយ តាមលោក ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បញ្ជាក់ថា ផលិតផលតែ "Kirirum" របស់លោកឧកញ៉ា ក៏មានបញ្ហាខ្លះដែរទៅលើការផ្គត់ផ្គង់ គឺពាក់ព័ន្ធនឹងកង្វះធនធាន ឬធាតុផ្សំសម្រាប់ផលិតតែ។
លោកឧកញ៉ា លើកឡើងថា ផលិតផលល្អ គឺត្រូវការវត្ថុធាតុដើមល្អ ប៉ុន្តែជាក់ស្ដែង នាពេលបច្ចុប្បន្ន គឺនៅមានការខ្វះខាតវត្ថុធាតុដើមល្អសម្រាប់យកមកផលិត។ យ៉ាងនេះក្ដី លោកឧកញ៉ា បញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាសហគមន៍ខ្មែរផលិតតែមួយចំនួន ដោយការពន្យល់ពួកគាត់ពីគ្រប់គ្រងការប្រើប្រាស់ថ្នាំគីមីកុំអោយលើសកម្រិតដែលអាចទទួលយកបាន ដើម្បីបានវត្ថុធាតុដើមមួយដែលមានគុណភាពល្អ ទទួលយកបានសម្រាប់ការចរាចរណ៍ក្នុងស្រុក ពិសេសការនាំចេញទៅទីផ្សារអន្តរជាតិ៕