សម្តេចតេជោ៖ ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ពិបាកជាងធ្វើម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូលអាស៊ានច្រើនដង

  • 2023-05-14 19:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការរៀបចំ​ធ្វើជាម្ចាស់ផ្ទះ​នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺ​មានការ​ពិបាក​ជាង​ធ្វើម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ច្រើនដង ដោយសារ​​មាន​មនុស្សរាប់រយ​រាប់​ពាន់នាក់​មក​ពីប្រទេសអាស៊ាន​នីមួយៗ​បានមកចូលរួម។

​ក្នុងពិធី​​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២៣នេះ សម្តេចតេជោ បានបញ្ជាក់​ដូច្នេះថា៖ «ការធ្វើស៊ីហ្គេម ពិបាកជាងការធ្វើម្ចាស់ផ្ទះប្រជុំអាស៊ានច្រើនដង»។

សម្តេចពន្យល់ថា ការធ្វើជាម្ចាស់ផ្ទះអាស៊ាន គឺគ្រាន់តែមានការលំបាកក្នុងការការពារ​មេដឹកនាំ និងបញ្ហាខ្លឹមសារ​នៃឯកសារ​ដែលត្រូវអនុម័តតែប៉ុណ្ណោះ។ ចំណែក​ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ពុំមានការលំបាក​លើខ្លឹមសារឯកសារនោះទេ ប៉ុន្តែគឺត្រូវរឹតបន្តឹង​ខ្លាំង​ចំពោះ​ការការពារសន្តិសុខ​សុវត្ថិភាព​អត្តពលិក និង​អ្នកគាំទ្រ​នៃប្រទេសអាស៊ាននីមួយៗ​ដែលមានដល់រាប់រយរាប់ពាន់នាក់ ដែល​បានមកចូលរួម។

បើតាម​ការ​គូសបញ្ជាក់​របស់​ប្រមុខរាជរដ្ឋាភិបាល បង្ហាញថា កម្ពុជា​បាន​នឹង​កំពុង​រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម​នេះ បាន​យ៉ាងជោគជ័យ ចាប់តាំងពីថ្ងៃបើកការប្រកួត ខណៈពិធីបិទកីឡានេះ នឹង​ធ្វើឡើង​នៅល្ងាច​នៅថ្ងៃទី១៧ ខែឧសភាខាងមុខ។

សម្តេចបានបន្ថែមទៀតដែរថា សម្តេច​បាន​សម្រេច​ចិត្តដ៏ត្រឹម​ត្រូវ​ចំពោះ​មិនយកថ្លៃសំបុត្រ​ចូលទស្សនាការប្រកួត មិនលក់សិទ្ធិផ្សព្វផ្សាយ និងមិនយកប្រាក់​ដែល​ជាកាតព្វកិច្ចចែងក្នុងលក្ខន្តិកៈស៊ីហ្គេម ដោយ​កម្ពុជា​បាន​ចំណាយ ៧លានដុល្លារបន្ថែមទៀត​ ពីលើថវិកា​ចំណាយ ១១៨លានដុល្លារ​សម្រាប់​រៀបចំព្រឹត្តិការណ៍នេះ ពោលគឺ​ចាយ​ទៅលើការស្នាក់នៅ និងការហូបចុក​របស់​កីឡាករ-កីឡាការិនី មកពីប្រទេសដទៃ៕

អត្ថបទ៖ សំភី