អគារតេជោអភិវឌ្ឍន៍ ដែលទើបសម្ពោធ មាន១២ជាន់! ដឹងអត់ថា ជាន់នីមួយៗ ព្យាបាលជំងឺ និងមាន​មុខងារ​អ្វីខ្លះ?

  • 2023-05-22 23:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​មជ្ឈមណ្ឌល​ពហុឯកទេស «អគារ​តេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ ត្រូវបានបើកសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៣ ក្រោមអធិបតីភាព​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

សម្តេចតេជោបានមានប្រសាសន៍ថា ការសាងសង់មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអស់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណាយចំនួន១១លាន ៣សែន ទៀតដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាងសង់សរុបជាង៨២លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា “​អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​”​នេះ ជាអគារ​ថ្មី ដែលត្រូវបានសាងសង់ឡើង ដោ​យ​បំពាក់នូវឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ដែល​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជា។ អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់កាល​ពីដើម​ខែ​មីនា​ ឆ្នាំ​២០១៨​ កន្លងទៅ។ អគារ​ទំនើប​ថ្មី​មួយ​នេះមាន​ប្រមាណ​៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង។

«អគារតេជោអភិវឌ្ឍន៍» សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយ​មហា​វិថី​ព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង​២២.៥ ម៉ែត្រ មាន​កម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ បែងចែកដូចខាងក្រោម៖

-ជាន់ទី២ និងទី១ ក្រោមដី៖ ចំណតយានយន្ត។

-ជាន់ផ្ទាល់ដី៖ បន្ទប់វះកាត់តូចចំនួន២, ផ្នែក​សង្គ្រោះ​បន្ទាន់មាន ៣៦គ្រែ ឱសថ​ស្ថាន, ភេសជ្ជដ្ឋាន, ហាងទំនិញ និងផ្កា,ម៉ាស៊ីន ATM និងបន្ទប់ផ្លាស់​សំលៀក​បំពាក់​​បុគ្គលិកសម្រាប់អគារទាំង​មូល។

-ជាន់ទី១៖ ផ្នែកពិគ្រោះជំងឺឯកទេសចំនួន៣០បន្ទប់, អមដោយបន្ទប់ X-ray, CT Scan, UltraSound, បញ្ឈរចុះឈ្មោះ និងអាហារដ្ឋាន។

-ជាន់ទី២៖ ផ្នែកប្រពោធនកម្ម សម្រាប់ទទួលសង្គ្រោះអ្នកជំងឺ​កម្រិតធ្ងន់ធ្ងរមាន​ចំនួន ៣២បន្ទប់ស្មើនឹង ៥១គ្រែ និងបន្ទប់លាងឈាម ចំនួន៤, ផ្នែកឯកទេសចក្ខុ​រោគ រួមមាន បន្ទប់ពិគ្រោះជំងឺចំនួន៣ បន្ទប់វះកាត់ភ្នែកចំនួន២ និងគ្រែសម្រាក​ព្យា​បាលចំនួន៤, ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កមានបន្ទប់ពិគ្រោះជំងឺ ៣បន្ទប់ និង​គ្រែសម្រាកព្យាបាលចំនួន០៤។

-ជាន់ទី៣៖ ផ្នែកសម្រាកមុន និងក្រោយសណ្តំ ២៥គ្រែ, បន្ទប់សម្រាករយៈពេលខ្លី ១២គ្រែ បន្ទប់ពិគ្រោះមុនសណ្តំចំនួន០៤ និងបន្ទប់វះកាត់១។ បន្ទប់វះកាត់១០ ដែល​មានកម្រិតស្ដង់ដារខ្ពស់ ជាពិសេសក្នុងនោះមានបន្ទប់សម្រាប់​ធ្វើអន្តរាគមន៍​វិទ្យុសាស្ត្រទំនើប Angiography Bi-plan សម្រាប់ឆ្លុះសរសឈាមចាប់ពីខួរក្បាល​រហូតដល់ចុងជើងសម្រាប់ប្រើប្រាស់ក្នុងការវះកាត់ចោះ ឆ្លុះ និងព្យាបាលសន្លាក់​ឆ្លុះ​បាញ់រំលាយក្រួសតម្រងនោមដោយមិនបាច់វះកាត់ដ៏ទំនើប។

-ជាន់ទី៤៖ ផ្នែកឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន មានបន្ទប់សម្រាកព្យាបាល ១៧​បន្ទប់ ស្មើនឹង៣៣គ្រែ, បន្ទប់ត្រៀមឆ្លុះ ចំនួន០១, បន្ទប់ក្រោយឆ្លុះចំនួន០១, បន្ទប់​ឆ្លុះក្រពះ-ពោះវៀន ចំនួន០៤, បន្ថែមដោយបន្ទប់ពិសេស ENDOALPHA ដែលបំពាក់បច្ចេកវិទ្យាទំនើបទាន់សម័យសម្រាប់ធ្វើ ERCP (មានសមត្ថភាព​ក្នុងការ​ឆ្លុះចាប់យកក្រួសក្នុងផ្លូវទឹកប្រមាត់រួម និងការដាក់ STENT បង្ហូរទឹកប្រមាត់ដែល​ស្ទះ ដោយជំងឺមហារីក ឬរលាកផ្សេងៗ។ បន្ទប់នេះ ក៏អាចធ្វើប្រតិបត្តិការ Echo​-​Endoscopie និងធ្វើការព្យាបាលទំនើបដោយមិនចាំបាច់វះកាត់ធំឡើយ)។

-ជាន់ទី៥៖ ផ្នែកឯកទេសជំងឺទូទៅ មានបន្ទប់សម្រាកព្យាបាលសរុបចំនួន ៤២​បន្ទប់ ស្មើនឹង ៤៨គ្រែ, បន្ទប់សម្រាកសម្រាប់ករណីជំងឺឆ្លង មានចំនួន ៩គ្រែ, បន្ទប់​ឆ្លុះទងសួតចំនួន ២បន្ទប់, បន្ទប់សម្រាក Polysomnographie ១បន្ទប់, បន្ទប់​បច្ចេកទេស ០១ និងបន្ទប់វាស់សមត្ថភាពសួត ០១។

-ជាន់ទី៦៖ ផ្នែកឯកទេសជំងឺក្រពេញ ២៣គ្រែ និងផ្នែកឯកទេសជំងឺតម្រងនោម​ចំនួន ២៥គ្រែ (ក្នុងនោះបន្ទប់លាងឈាមចំនួន៣) បានបំពាក់ដោយឧបករណ៍​ទំនើ​បកម្រិតខ្ពស់ រួមមានម៉ាស៊ីនInsulin Pump ម៉ាស៊ីនវាស់ប្រព័ន្ធវិញ្ញាណអវៈយវៈ ម៉ាស៊ីនថតបាតភ្នែកអ្នកជំងឺទឹកនោមផ្អែម និងរួមជាមួយផ្នែកជំងឺក្រពេញអ័រម៉ូន ដែលផ្តល់នូវសេវាសេវាព្យាបាលដំបៅជើងអ្នកជំងឺទឹកនោមផ្អែមព្យាបាលកម្រិតទំនើបទាន់ការអភិវឌ្ឍសកល។

-ជាន់ទី៧៖ ផ្នែកសម្រាកព្យាបាលជំងឺបេះដូង មានបន្ទប់ពិគ្រោះចំនួន៣ និងគ្រែ​សម្រាកព្យាបាលចំនួន ៤៣គ្រែ។

-ជាន់ទី៨-៩៖ បន្ទប់សម្រាកព្យាបាលពហុជំនាញចំនួន ៩៤គ្រែ។

-ជាន់ទី១០៖ ទីចាត់ការទូទៅមន្ទីរពេទ្យទាំងរដ្ឋបាល ធនធានមនុស្ស, បច្ចេកទេស,គណនេយ្យបន្ទប់ប្រជុំ និងសាលសន្និសីទ និងផ្នែកគ្រប់គ្រងជាតិពុល និងគ្រោះ​មហន្ត​រាយវេជ្ជសាស្ត្រ។

-ជាន់ទី១១៖ ផ្នែកសម្រាកព្យាបាលអន្តរជាតិ International Departement មាន ១៤បន្ទប់ ស្មើនឹង ១៤គ្រែ។

-ជាន់ទី១២៖ បន្ទប់រក្សាទុកឯកសារ, បន្ទប់ប្រជុំពហុបំណង, ប្រព័ន្ធម៉ាស៊ីន​ត្រជាក់​សម្រាប់ទូទាំងអគារ និងចំណតឧទ្ធម្ភាគចក្រ។

ឯកឧត្តម​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឱ្យដឹងដែរថា «អគារតេជោអភិវឌ្ឍន៍» នេះ អាច​ផ្តល់​សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥០,០០០នាក់ក្នុងមួយឆ្នាំ។ លើសពី​នេះ អគារតេជោអភិវឌ្ឍន៍ នឹងក្លាយជាមជ្ឈ​មណ្ឌលបណ្តុះបណ្តាល​ដល់និស្សិត​សម្រាប់​ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវេជ្ជ​សាស្ត្រ​តាម​ប្រព័ន្ធឌីជីថលដ៏ទំនើប​ឈាន​មុខក្នុងប្រទេស៕

អត្ថបទ៖ សំភី