លម្អិតអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទីពីរនៅកម្ពុជា
- 2023-06-06 01:21:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទីពីរនៅកម្ពុជា
ចន្លោះមិនឃើញ
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។
គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដូចខាងក្រោម៖
សាងសង់ស្ពានធំ និងស្ពានមធ្យមចំនួន ២៦កន្លែង ប្រវែងសរុប ២.២៦៦ម៉ែត្រ ស្ពានតូចចំនួន ១៦កន្លែង ប្រវែង សរុប ២៥៦ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង។
សាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ៥កន្លែង ផ្លូវរូងក្រោមដីទំហំធំ និងទំហំតូច ចំនួន ២០៤កន្លែង។
សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាក(Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ(Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង។
រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងរបាំងសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន។
ផ្លូវល្បឿនលឿននេះ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿន រហូតដល់ ១០០ និង ១២០គីឡូម៉ែត្រ/ក្នុងមួយម៉ោង។
គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដោយ រាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំង និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធឆ្លងកាត់ព្រំដែននេះ។
ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។
ពាក់ព័ន្ធគម្រោងចំណាយលើការសាងសង់វិញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។
ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គឺជាខ្សែសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ ក្រុងបាវិត ឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមានភាពប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវផ្សេងៗ ដែលត្រូវឆ្លងកាត់នៅត្រង់ចំណុចផ្លូវប្តូរទិសចរាចរណ៍(Interchange)។ ផ្លូវល្បឿនលឿននេះនឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ និងក្រុងថ្មីអរិយក្សត្រនៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភាគីរវាងកម្ពុជា និងវៀតណាមបន្ថែមទៀត។ បន្ថែមពីលើនេះ ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលបន្ទុកចរាចរណ៍នៅលើផ្លូវជាតិលេខ១ ដែលបច្ចុប្បន្នកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍។
បន្ថែមពីលើនេះ ផ្លូវល្បឿនលឿននេះក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមឱ្យផ្លូវអាស៊ានហាយវ៉េលេខ១ (AH-1) ដែលនឹងជួយសម្រួលបន្ថែមនូវការតភ្ជាប់ប្រទាក់ក្រឡានៅផ្ទៃក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គឱ្យកាន់តែទូលំទូលាយ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារ ការប្រកួតប្រជែង និងភាពធន់សេដ្ឋកិច្ច-សង្គម តាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង ៣ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន ដែលក្នុងនោះការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស៕
ប្រភព៖ Fresh News