ងួន សុបិន្ត៖ ទម្រង់មុខខ្ញុំ បានត្រឹមតួក្រមិចក្រមើម
- 2015-06-11 08:36:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងួន សុបិន្ត៖ ទម្រង់មុខខ្ញុំ បានត្រឹមតួក្រមិចក្រមើម
ចន្លោះមិនឃើញ
ការប្រឡូកក្នុងវិស័យសម្ដែងកុនកន្លងមកនេះ ងួន សុបិន្ត មិនអាចគេចផុតពីតួបែបកំប្លែង ដែលមានក្រមិចក្រមើមនោះទេ។ សាមីខ្លួនបញ្ជាក់ថា ដោយសារតែទម្រង់មុខ មិនអំណោយផលជាតួឯក មានចរិតត្រឹមត្រូវ។
“បើទម្រង់មុខយើងអញ្ចឹង ធ្វើម៉េច? បើសម្ដែងជាតួឯក ក៏នៅតែឯកចរិតកំប្លែងភ្លេចមុខភ្លេចក្រោយដែរ"។ ងួន សុបិន្ត ប្រាប់មកកាន់ Sabay មុននេះបន្តិច។ លោកបន្តថា កន្លងមកបានចូលរួមសម្ដែងកុនប្រមាណជិត១០មកហើយ មួយចំនួននៅក្នុងផលិតកម្ម LD។ ភាពយន្តទាំងនោះរូបគេបានចូលរួមសម្ដែងជាតួក្រមិចក្រមើមទាំងអស់ ប៉ុន្តែភាគច្រើនបានទទួលជោគជ័យ និងទទួលបានប្រាក់ចំណេញច្រើនទៀតផង។
ប៉ុន្តែទោះបីជាយ៉ាងណាប្រភពដដែលឱ្យដឹងថា មិនដែលលះបង់អាជីពជាអ្នកនិពន្ធ និងថតMVខារ៉ាអូខេនោះទេ ព្រោះជាចំណុចចាប់ផ្ដើមក្នុងអាជីពសិល្បៈ ខណៈអាជីពសម្ដែងកើតចេញពីចិត្តស្រលាញ់ និងបំពេញសេដ្ឋកិច្ចបន្ថែមទៀត។
ជាក់ស្ដែង តារាសម្ដែងរូបនេះបញ្ជាក់ថា ឆាប់ៗនេះរូបគេនឹងចូលរួមថតឱ្យផលិតកម្ម មាតុចក្រ និងផលិតកម្ម ជេត ក្នុងរឿង"អាកុក អាច្រវា" ក្នុងនាមជាប្អូនប្រុសរបស់ DJ ក្ដឹប ដែលមានចរិតក្រមិចក្រមើមដូចគ្នា។ ក្នុងតំណែងជាតួឯកម្នាក់ សុបិន្ត កូនអ្នកភ្នំពេញរូបនេះយល់ថា សាច់រឿងថ្មីរបស់អ្នកដឹកនាំរឿង ហ៊ុយ យ៉ាឡេង មានលក្ខណៈប្លែក ហើយមានឈុតគួរចាប់អារម្មណ៍ច្រើនទៀតផង។
តារាវ័យ៣០ឆ្នាំខាងលើបញ្ជាក់ថា ប្រសិនបើមានការយកចិត្តទុកដាក់ទាំងការដឹកនាំ និងការសម្ដែងពីតួទាំងអស់នោះ ស្នាដៃសាកល្បងទីផ្សារអាស៊ានដំបូងរបស់ផលិតកម្មមួយនេះ អាចនឹងទទួលបានជោគជ័យមិនខានឡើយ។ សុបិន្ត អះអាងថា៖ "បើសម្រាប់ខ្ញុំវិញ នឹងព្យាយាមអស់សមត្ថភាព ដើម្បីស្ទួយភាពយន្តនេះ ឱ្យជោគជ័យ ហើយកំប្លែងលើកនេះនឹងប្លែក"៕
អានអត្ថបទ៖ តារាល្បីមួយក្រុម ត្រៀមចេញទៅសម្ដែងនៅអូស្ត្រាលីល្ងាចនេះ
អានអត្ថបទ៖ ខេមរៈ សិរីមន្ត ស្នើពលរដ្ឋខ្មែរទាំងមូលទុកខ្លួនឯងជាប៉ូលិសចរាចរ
ងួន សុបិន្ត និង មង្គល ទីណា
អត្ថបទ៖ សំ ជំនាញរូបថត៖ ផ្ដល់ឱ្យ