សុភាពនារីកម្ពុជាមិនសូវចាប់អារម្មណ៍ចូលហាត់កីឡាចំបាប់
- 2016-10-11 16:47:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុភាពនារីកម្ពុជាមិនសូវចាប់អារម្មណ៍ចូលហាត់កីឡាចំបាប់
ចន្លោះមិនឃើញ
ប្រភេទកីឡាចំបាប់មិនសូវមាននារីច្រើនចាប់អារម្មណ៍ហ្វឹកហាត់ឡើយដែលផ្ទុយនឹងបុរសដែលចូលហ្វឹកហាត់កីឡាប្រភេទនេះច្រើន។
តាមការលើកឡើងពីរៀមច្បងផ្នែកចំបាប់កីឡាការិនី ចូវ សុធារ៉ា បានឲ្យ Sabay ដឹងថា កីឡាចំបាប់ខុសពីកីឡាដទៃ។ កីឡាប្រភេទនេះត្រូវហ្វឹកហាត់រយៈពេលយូរ និងតស៊ូបំផុតទើបអាចទទួលបានលទ្ធផល។ រៀមច្បងរូបនេះបន្ថែមទៀតថា រហូតមកដល់ពេលនេះមានកីឡាការិនីចំបាប់ត្រឹមតែ៦-៧នាក់ ប៉ុណ្ណោះដែលកំពុងហ្វឹកហាត់។
កីឡាការិនី ចូវ សុធារ៉ា
កីឡាការិនី ចូវ សុធារ៉ា បន្តថា កត្តាដែលធ្វើឲ្យនារីកម្ពុជាមិនសូវចាប់អារម្មណ៍ហាត់អាចមកពីប្រពៃណី រយៈពេលយូរក្នុងការហ្វឹកហាត់ ត្រូវការមនុស្សដែលតស៊ូបំផុត និងបញ្ហាសុខភាពក្រោយពេលហាត់។ ក្រុមគ្រួសារមួយចំនួនមិនចង់ឲ្យកូនស្រីចាប់យកកីឡានេះនោះទេ ពីព្រោះពេលហាត់ទៅរាងកាយឡើងសាច់ដំធ្វើឲ្យរាងមិនស្អាត។ កីឡានេះត្រូវការពេលវេលាហ្វឹកហាត់យូរ ជាក់ស្ដែងកីឡាការិនីចំបាប់រូបនេះចំណាយពេលអស់១៦ឆ្នាំទើបទទួលបានលទ្ធផលដូចសព្វថ្ងៃ។ ក្រោយពេលហាត់កីឡាមួយនេះនឹងមានបញ្ហាត្រចៀកដោយសារពេលហាត់ត្រចៀកត្រូវផ្អឹបជាមួយខ្លួនដៃគូរហូត។
កីឡាការិនីចូវ សុរធារ៉ាទទួលប្រាក់រង្វាន់
ចូវ សុធារ៉ា ជាគ្រូជំនួយម្នាក់របស់សហព័ន្ធកីឡាចំបាប់កម្ពុជា។ កីឡាការិនីរូបនេះធ្លាប់តំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅព្រឹត្តិការណ៍ធំៗក្នុងឆាកអន្តរជាតិជាច្រើនទាំងលំដាប់តំបន់ និងពិភពលោក។ ការប្រកួតចុងក្រោយរបស់ សុធារ៉ា មិនទទួលបានមេដាយឡើយក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុម RIO ប្រទេសប្រេស៊ីល ២០១៦ កន្លងទៅ៕
អត្ថបទ៖ នួន ស៊ីណា