ដំណឹងរីករាយ! ហុង ផេង នឹងវិលចូលទីលាន ជួយបឹងកេតវិញចុងខែនេះ
- 2017-05-11 20:26:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងរីករាយ! ហុង ផេង នឹងវិលចូលទីលាន ជួយបឹងកេតវិញចុងខែនេះ
ចន្លោះមិនឃើញ
ខ្សែការពារកណ្ដាលឆ្នើមរបស់បឹងកេត និងជម្រើសជាតិកម្ពុជា ហុង ផេង នឹងវិលត្រឡប់ចូលទីលានវិញបាននាចុងខែឧសភានេះ បន្ទាប់ពីព្យាបាលរបួសដាច់សរសៃពួរជើងអស់រយៈពេលជាច្រើនខែ។
តាមការបញ្ជាក់របស់លោក បែ មករា អ្នកចាត់ការទូទៅរបស់បឹងកេតឲ្យដឹងថា ខ្សែការពារ ហុង ផេង បានជាសះស្បើយហើយ ប៉ុន្តែមិនទាន់ពេញលក្ខណៈ១០០% ឡើយ។ លោកមើលឃើញថា ហុង ផេង អាចនឹងមកជួយក្រុមវិញនាចុងខែនេះពោលគឺការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា។
លោកបន្ថែមថា ទោះបីបានជាពីរបួសវិញមែន ប៉ុន្តែកីឡាកររូបនេះមិនទាន់មានស្ថានភាពកម្លាំងដូចដើមវិញដែរ គឺត្រូវការហ្វឹកហាត់កម្លាំងពីរឬបីសប្ដាហ៍ទៀតទើបអាចប្រសើរឡើងវិញទាំងស្រុង។ ពាក់ព័ន្ធគ្រូបង្វឹកថ្មីលោកបញ្ជាក់ថា ក្លឹបបឹងកេតមិនទាន់កំណត់ថា យកគ្រូបរទេសឬកម្ពុជាឡើយ ហើយពេលវេលាតែងតាំងគ្រូថ្មីក៏មិនទាន់កំណត់ដែរ ដូច្នេះត្រូវរង់ចាំមួយរយៈពេលសិន។
បឹងកេត នឹងប៉ះភ្នំពេញក្រោននាការប្រកួតបើកឆាកជើងទី២ នាថ្ងៃទី២៧ ខែឧសភា វេលាម៉ោង ៦:០០ ល្ងាចនៅពហុកីឡដ្ឋានជាតិ។ ដោយឡែក ហុង ផេង បានរងរបួសដាច់សរសៃពួរជើងកាលពីដើមខែសីហា ឆ្នាំ២០១៦ ។ កាលពីប៉ុន្មានថ្ងៃមុន បឹងកេតបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក John McGlynn ដោយលើកលោក សុជាតិ គ្រូជំនួយឡើងកាន់តំណែងបណ្ដោះអាសន្ន៕