ក្រុម CSM Girl គ្រោងបញ្ចេញ Original song ឆាប់ៗនេះ
- 2017-05-18 20:40:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម CSM Girl គ្រោងបញ្ចេញ Original song ឆាប់ៗនេះ
ចន្លោះមិនឃើញ
ក្រុម CSM Girl ដែលប្រជុំទៅដោយស្រីស្អាតៗ៤រូប មានកញ្ញា អ៊ឹង និមល កញ្ញា ឌួង ហ្សូរីម៉ា កញ្ញា នៅ សុនីតា និង សោម ស្រីនាថ គ្រោងនឹងបញ្ចេញ Original song ដំបូងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីវាយលុកទីផ្សារ នេះបើតាមការបង្ហើបប្រាប់ពី កញ្ញា អ៊ឹង និមល។
Original song ក្រុមស្រីស្អាតខាងលើគ្រោងបញ្ចេញនេះ មិនត្រូវបានប្រាប់ចំណងជើងនៅឡើយទេ ប៉ុន្តែ កញ្ញា អ៊ឹង និមល ប្រាប់ថា ជាបទចម្រៀងបែបមនោសញ្ចេតនា ត្រូវនឹងអារម្មណ៍យុវវ័យបច្ចុប្បន្នតែម្ដង។ តារាស្រីរូបនេះបានបន្ថែមថា បទចម្រៀង១បទនោះ ធ្វើឡើងច្រៀងសម្រាប់ក្រុមរបស់ខ្លួនទាំង៤នាក់តែម្ដង បច្ចុប្បន្នបានថតរួចរាល់អស់ហើយ រង់ចាំតែថតរូបធ្វើ Cover តែប៉ុណ្ណោះ។
តាមការលើកឡើងពី ប្អូនស្រីនាយ ទុយ ដដែល យ៉ាងយូរប្រហែលកន្លះខែទៀត បទចម្រៀងនោះ នឹងចេញហើយ ដោយចេញជា CD ប៉ុណ្ណោះ មិនទាន់ចេញជា MV នៅឡើយទេ។ ប្រសិនបើមានការគាំទ្រច្រើន ក្រុមរបស់នាង នឹង ផលិតជា MV ថែមទៀត។
កន្លងមក ក្រុម CSM Girl ក៏ដូចជាក្រុម CSM Boy ដែលចេញពីក្រុមបង្ហាញម៉ូដ Cambodia Super models ដែលបង្កើតជាច្រើនឆ្នាំមកនេះ មិនទាន់មានបទចម្រៀងផ្ទាល់ខ្លួនឡើយ គឺយកតែបទចម្រៀងពីគេមកច្រៀងប៉ុណ្ណោះ។ តាមរយៈOriginal song ដែលគ្រោងចេញនេះ កញ្ញា អ៊ឹង និមល មានសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រខ្លាំងជាក់ជាមិនខាន៕