ពៅ លីដា និង ប៉ែន ភ័ក្រសុធារិទ្ធ ប៉ះគ្នាម្ដងប្ដេជ្ញាចិត្តដល់ថ្នាក់ហ្នឹងផង
- 2017-07-26 23:32:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពៅ លីដា និង ប៉ែន ភ័ក្រសុធារិទ្ធ ប៉ះគ្នាម្ដងប្ដេជ្ញាចិត្តដល់ថ្នាក់ហ្នឹងផង
ចន្លោះមិនឃើញ
នៅព្រឹកមិញនេះផលិតកម្មចក្រវាឡពេជ្រភាពយន្ត បានធ្វើពិធីក្រុងពាលីខ្សែភាពយន្តភាគថ្មីរឿង "ក្រមុំឆ្នាសប៉ះមេស្រុកឆ្នើម" ដែលមាន ពៅ លីដា និង ប៉ែន ភ័ក្រសុធារិទ្ធ ជាតួឯកក្នុងរឿងនេះ ដោយពួកគេទាំងពីប្ដេជ្ញាចិត្តថា នឹងសម្ដែងឲ្យបានល្អក្នុងរឿងភាគថ្មីនេះ។
ស្រីស្អាត ពៅ លីដា បានប្រាប់ Sabay ថានេះគឺជាលើកទី១ ដែលនាង និងកំលោះសង្ហា ប៉ែន ភ័ក្រសុធារិទ្ធ បានសម្ដែងជាមួយគ្នាក្នុងតំណែងជាតួឯក ការប៉ះគ្នាលើកដំបូងនេះដែររូបគេសង្ឃឹមថា នឹងទទួលបានការគាំទ្រពីទស្សនិកជន និងពុកម៉ែបងប្អូន។
នាងបន្តថា៖ "ជួបគ្នាលើកដំបូងនេះ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយ ដោយសារតែគាត់ (ប៉ែន ភ័ក្រសុធារិទ្ធ) មានភាពល្បីល្បីល្បាញ ការសម្ដែងរបស់គាត់ក៏ពូកែ និយាយទៅពួកយើងសហការគ្នាមើលទៅដូចថាមានភាពកក់ក្ដៅ ពេលធ្វើការជាមួយគ្នា"។
ចំណែកឯ ប៉ែន ភ័ក្រសុធារិទ្ធ ក៏បានលើកឡើងមិនខុសពី ពៅ លីដា ប៉ុន្មានដែរលោកថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការសម្ដែងជាមួយគ្នា ធ្វើយ៉ាងណាឲ្យរឿង "ក្រមុំឆ្នាសប៉ះមេស្រុកឆ្នើម" ពេលចាក់បញ្ចាំងទទួលបានការគាំទ្រពីទស្សនិកជន ថារឿងមួយនេះល្អមើល។
“សម្រាប់ខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេច ខ្ញុំធ្វើការជាមួយ លីដា ជាច្រើនតែអត់បានថតជាមួយគ្នា ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ឲ្យពួកគាត់ងាកមកគាំទ្ររឿងខ្មែរយើងកាន់តែច្រើនឡើងៗ ជាពិសេសនៅពេលរឿងហ្នឹងដាក់បញ្ចាំងនៅទូរទស្សន៍ PNN”។ នេះបើតាមតួឯកប្រុសក្នុងរឿង "ក្រមុំប៉េងបោះកំលោះត្រីឆ្អើរ" លើកឡើងដូច្នេះ។
ក្នុងកម្មវិធីក្រុងពាលីរឿងនេះដែរលោកគ្រូ មុត ថារី ជាអ្នកដឹកនាំសម្ដែងក្នុងរឿងនេះបានមានប្រសាសន៍ថា រឿង"ក្រមុំឆ្នាសប៉ះមេស្រុកឆ្នើម" នេះជាប្រភេទខ្សែភាពយន្តបែបកំប្លែងលាយស្នេហា រវាងក្រមុំឆ្នាស និងមេស្រុកកំលោះដ៏ឆ្នើម ធ្វើឲ្យសាច់រឿងទាំងមូលមានភាពទាក់ទាញ ។
លោកបន្ថែមថា៖“បាទចំពោះរឿងនេះដែរ មានចន្លោះពី៣០ ទៅ៣៣ ភាគ ហើយរឿងនេះខ្ញុំសុំទូរទស្សន៍ PNN ថតរយៈពេល៦ ខែ តែបើសាច់រឿងថតត្រឹមតែ៤ ខែ គឺយើងថតចប់ហើយ។ ចំណែកឯដើមទុនក្នុងការចំណាយថតរឿងនេះខ្ញុំអត់អាចជម្រាបបានទេ"។
គួរបញ្ជាក់ថារឿង "ក្រមុំឆ្នាសប៉ះមេស្រុកឆ្នើម" ចូលរួមសម្ដែងដោយ កញ្ញា ពៅ លីដា ប៉ែន ភ័ក្រសុធារិទ្ធ ពៅ ពិសិដ្ឋ ខុន សម្ផស្ស ថៃ ប៊ុននាង ស្វែង សុជាតា ញឹម ចាន់ថន និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕
ចុចអាន៖ក្រុមសិល្បៈកុមារកំព្រានិងក្រីក្រ តាហ្វុយស្សូ មានសមត្ថភាពតែខ្វះការគាំទ្រ
ចុចអាន៖បណ្ដាតារាប្រុសថៃល្បីៗ ៧រូប មានសម្បុរខ្មៅស្រអែម តែរាងសិចស៊ីអស់ស្ទះ