វិភាគថេរៈវេលារបស់ វិទីនី ប្រឈមដៃគូសុទ្ធតែលំដាប់កំពូល ត្រូវប្រកួតថ្ងៃនេះ
- 2017-08-22 16:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគថេរៈវេលារបស់ វិទីនី ប្រឈមដៃគូសុទ្ធតែលំដាប់កំពូល ត្រូវប្រកួតថ្ងៃនេះ
ចន្លោះមិនឃើញ
កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទីនី ត្រូវប្រកួតថ្ងៃនេះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែបើតាមសមត្ថភាពរបស់ដៃគូវិញគឺសុទ្ធតែជើងខ្លាំងលំដាប់អន្តរជាតិតែម្តងដែលជាឧបសគ្គធំសម្រាប់កីឡាការិនីកម្ពុជានេះ។
វីទីនី បានលើកឡើងថា កីឡាករ កីឡាការិនីហែលទឹកនៅក្នុងប្រទេសអាស៊ានមួយចំនួនមានកម្រិតគុណភាពលំដាប់ពិភពពិភពលោកដូចជាប្រទេសសិង្ហបុរី វៀតណាម និងហ្វីលីពីនជាដើម។ ពួកគេទាំងនោះសុទ្ធតែតំណាងឲ្យប្រទេសរបស់ខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ពួកគេធ្លាប់ឈ្នះមេដាយកម្រិតអាស៊ី និងពិភពលោក ដូច្នេះពិតជាពិបាកសម្រាប់ក្រុមអត្តពលិកហែលទឹកកម្ពុជាក្នុងការដណ្តើមមេដាយស៊ីហ្គេម។
កីឡាការិនីរូបនេះបន្តថា សមត្ថភាពរបស់នាងបើប្រៀបនឹងលើកមុនមានលក្ខណៈល្អប្រសើរ ប៉ុន្តែបើប្រៀបនឹងកីឡាការិនីមួយចំនួនអាស៊ាន នាងនៅមានកម្រិត។ កីឡាការិនីសិង្ហបុរី២នាក់ហ្វឹកហាត់នៅអាមេរិក កីឡាការិនីហ្វីលីពីន និងកីឡាការិនីវៀតណាមហ្វឹកហាត់នៅអាមេរិកជាមួយកីឡាករ កីឡាការិនីសុទ្ធតែលំដាប់ពិភពលោក។ កញ្ញាសារភាពថា ការប្រកួតស៊ីហ្គេមលើកនេះរឹតតែលំបាកខ្លាំង ប៉ុន្តែការឈានដល់ជុំផ្តាច់ព្រ័ត្រជាគោលបំណងរបស់នាងដើម្បីបំបែកកំណត់ត្រាថ្មី។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានវិភាគថា បច្ចុប្បន្ននេះថេរៈវេលារបស់ហែមថុន វិទីនីល្អក្នុងនោះវិញ្ញាសាហែលសេរី៥០ម៉ែត្រ។ នាងអាចធ្វើបានរហូតដល់២៧វិនាទី។ កីឡាការិនីដែលធ្លាប់ឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេមតាំងឆ្នាំ១៩៩០រហូតដល់ឆ្នាំ២០១៥គឺប្រើថេរៈវេលាប្រហែលក្រោម២៧វិនាទី។ ដូច្នេះបើ វិទីនីនៅតែរក្សាថេរៈវេលានេះគឺអាចនឹងដណ្តើមបានមេដាយសំរឹទ្ធបាន។ ប្រសិនបើនាងអាចធ្វើឲ្យបានត្រឹមថេរៈវេលា២៧វិនាទីស្តើងទើបមានសង្ឃឹមបានមេដាយ ប៉ុន្តែបើថេរៈវេលា២៧វិនាទីក្រាស់ឡើងគឺមិនងាយរកមេដាយបានទេ។
លោកអគ្គលេខាធិការរូបនេះបន្ថែមថា ស៊ីហ្គេម ឆ្នាំ២០១៥កន្លងទៅ កីឡាការិនីហែលទឹកសិង្ហបុរី Lim Xiang Qi Amanda បានប្រើថេរៈវេលា២៥.៥៩វិនាទីដើម្បីឈ្នះមេដាយមាសសម្រាប់វិញ្ញាសាហែលទឹកសេរី៥០ម៉ែត្រគឺលឿនជាងគេបំផុត បើបើប្រៀបធៀបនឹងកំណត់ត្រាចាស់ៗកន្លងមកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ចំពោះ ហែមថុន វិទីនី ប្រើថេរៈវេលា៣០.៦០ វិនាទីដែលនៅលើកីឡាការិនីឡាវតែម្នាក់គត់គឺ Sirarun Budcharern ធ្វើបាន ៣៤.៣៤វិនាទី៕
សូមទស្សនាវីដេអូ
ម្ចាស់មេដាយ៥០ម៉ែត្រសេរីកាលពីឆ្នាំ២០១៥
មាស៖ កីឡាការិនីសិង្ហបុរី Lim Xiang Qi Amanda ប្រើថេរៈវេលា២៥.៥៩វិនាទី
ប្រាក់៖ កីឡាការិនីសិង្ហបុរី Quah Ting Wen ប្រើថេរៈវេលា ២៥.៦០វិនាទី
សំរឹទ្ធ៖ កីឡាការិនីហ្វីលីពីន Jasmine Alkhaldi ប្រើថេរៈវេលា ២៥.៧៩វិនាទី
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង៕