អស្ចារ្យ! រឿងខ្លីរបស់និស្សិតពេទ្យទទួលបានជយលាភីលេខ ១ និងធ្វើឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានស្រៀវខ្លួន
- 2017-11-06 21:42:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! រឿងខ្លីរបស់និស្សិតពេទ្យទទួលបានជយលាភីលេខ ១ និងធ្វើឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានស្រៀវខ្លួន
ចន្លោះមិនឃើញ
ខ្សែភាពយន្តខ្លីដែលមានចំណង ជើងថា «The Dinner» ទទួលបានជយលេខភីលេខ ១ ក្នុងមហោស្រពភាពយន្តខ្លីចតុមុខ និងទទួលបានប្រាក់រង្វាន់ ៤លានរៀល មិនត្រឹមតែប៉ុណ្ណោះក៏ទទួលបានការកោតសរសើរពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាមានស្នាដៃល្អ ធ្វើឲ្យលោកស្រៀវខ្លួនពេលដែលបានទស្សនាចប់។
«The Dinner» ជារឿងបែបមនោសញ្ចេតនា ស្នេហាព្រឺព្រួចរបស់យុវវ័យមួយគូ ដែលតួស្រីជាមានតួនាទីជាគ្រូពេទ្យ ហើយតួប្រុសជាផលិតករភាពយន្ត ទាំងពីរនាក់រួមរស់ស្រលាញ់គ្នាមុនរៀបការ ហើយតួស្រីតែងរករឿងប្រច័ណ្ឌ និងមានចរិតលក្ខណៈវិកលចរិក ឬ Psychopath ហើយនាងតែងទទូចចង់មានកូនជាមួយតួប្រុស តែតួប្រុសតែងបដិសេធជានិច្ចអំពីសេចក្តីប្រាថ្នារបស់នាង។
ចុងក្រោយដោយសារ នាងជាតួស្រី មានការប្រច័ណ្ឌខ្លាំងពេកជាមួយនឹងតួប្រុស នាងក៏រៀបចំឧបាយកល ធ្វើឲ្យតួប្រុសស្រវឹងស្រា ហើយរួមរ័ក្សជាមួយនាង ពេលដែលតួប្រុសភ្ញាក់ឡើង នាងក៏ចាក់ថ្នាំស្ពឺក ហើយធ្វើសកម្មភាពកាត់ប្រដាប់ភេទរបស់តួប្រុសបានសម្រេច ក្នុងគោលបំណងមិនចង់ឲ្យតួប្រុសចាកចេញពីនាងជារៀងរហូត។
ខ្សែភាពយន្តខ្លីរយៈពេល ១៥ នាទីនេះ ជាស្នាដៃដំបូងរបស់យុវជនវ័យ ២២ឆ្នាំម្នាក់ ឈ្មោះថា នេត ឥន្ទនរាសុទ្ធីដេ្ឋព ដែលជានិស្សិតពេទ្យផ្នែកសុខភាពសាធារណៈ និងបានចំណាយថវិកាផ្ទាល់ខ្លួនប្រហែលជាង ៥០០ ដុល្លារអាមេរិក ដើម្បីផលិតរឿងនេះឡើង។ ផលិតករវ័យក្មេងរូបនេះ រំឮកថា៖ «មានអីបង ធ្វើកុនហ្នឹងចប់ស៊ីសៀងយូរដែរហ្នឹង តែក៏សប្បាយចិត្តព្រោះបានផលិតរឿងសម្រេច ហើយទទួលបានជ័យលាភីដូចពេលនេះ។»
ទាក់ទងនឹងសាច់រឿងដែលធ្វើឲ្យទស្សនិកជនដែលជាបុរសស្រៀវខ្លួនបែបនេះ ផលិតករ ឥន្ទនរាសុទ្ធីដេ្ឋព បន្តថា ខ្លួននិពន្ធ និងដឹកនាំសាច់រឿងនេះឡើងតាមបែបសាច់រឿងចិត្តសាស្ត្រ និងបានកាឡៃសាច់រឿងពិតៗដែលធ្លាប់ឮ និងអានពីសៀវភៅ ពិសេសតាមរយៈការអង្កេតតាមដានពីមិត្តភ័ក្រ្ត ដែលតែងនិយាយគ្នាលេងអំពីមនុស្សស្រីពេលដែលស្រលាញ់មនុស្សប្រុសម្នាក់ជ្រុលពេក ហើយប្រច័ណ្ឌនោះ តើគេអាចនឹងហ៊ានកាត់របស់យើង ឬអត់?
ផលិតករវ័យក្មេងលោក នេត ឥន្ទនរាសុទ្ធីដេ្ឋព ពន្យល់ថា៖ «តាមពិតខ្ញុំចូលចិត្តអង្កេត និងតាមដានពីអ្នកដទៃ ដូចនេះបើមានមិត្តភ័ក្រ្តបានមើលរឿងនេះគេអាចនឹងដឹងថានេះជាអ្វីដែលគេតែងនិយាយ»។ យុវជនផលិតករ និងអ្នកដឹកនាំរឿងរូបនេះបន្តថា នេះជារឿងមួយដែលរូបលោកចង់ឲ្យទស្សនិកជនពេលដែលបានមើលរឿងហ្នឹងហើយ គេនឹងគិតឡើងវិញពីទង្វើរបស់ខ្លួន ហើយពិសេសគេនឹងនិយាយពីរឿងហ្នឹងទៅដល់មិត្តភ័ក្រ្តរបស់គេពេលដែលជួបជុំគ្នា។
នេត ឥន្ទនរាសុទ្ធីដេ្ឋព ជាផលិតករ និងអ្នកដឹកនាំវ័យ២២ឆ្នាំ ដែលធ្លាប់មានស្នាដៃផលិតវីឌីអូបទចម្រៀងឲ្យ ឡូរ៉ាម៉ម និងក្មេងខ្មែរជាដើម។ នៅក្នុងសង្គមផលិតករខ្សែភាពយន្តដូចគ្នា អ្នកនិពន្ធវ័យក្មេងរូបនេះ តែងត្រូវបានរៀមច្បង និងក្រុមផលិតល្បីៗដូច Studio 4 ជាដើមចង់ឲ្យជួយដឹកនាំរឿងខ្នាតខ្លី និងវែងរបស់ខ្លួន ដោយសារយុវជនម្នាក់នេះមិនត្រឹមតែមានលក្ខណៈលម្អិតលើការងារ និងយកចិត្តទុកនោះទេ គឺរូបគាត់មានសិល្បៈក្នុងការធ្វើឲ្យសមាជិកក្រុមស្រលាញ់រាប់អាន និងស្ម័គ្រចិត្តធ្វើការឲ្យអស់ពីចិត្ត។
លោក នេត ឥន្ទនរាសុទ្ធីដេ្ឋព បញ្ជាក់ថា៖ «ការធ្វើឲ្យសមាជិកយើង និងក្រុមការងារយើងរីករាយនឹងការងារជាកត្តាជំរុញឲ្យការផលិតរឿងជោគជ័យ ហើយខ្ញុំក៏សូមអរគុណដល់ក្រុមផលិតមែនទែន បើគ្មានពួកគាត់ជឿជាក់ និងជួយជ្រោមជ្រែងខ្ញុំទេ ម្ល៉េះក៏គ្មាន «The Dinner» ដែរ។
ជាក់ស្តែងអ្នកដឹកនាំរឿងវ័យក្មេង រូបសង្ហាម្នាក់នេះមានឱកាសជាច្រើនក្នុងការផលិតខ្សែភាពយន្តបន្តទៀតបន្ទាប់ពីទទួលបានពានរង្វាន់នេះ តែដោយសារជាប់ភារកិច្ចបំពេញការងារពេញម៉ោងនៅក្នុងអង្គការមួយកន្លែង ហើយ ឥន្ទនរាសុទ្ធីដេ្ឋព បានប្រាប់ថា រូបគេចង់បំពេញការងារមនុស្សធម៌ និងសិក្សារៀនសូត្រពីបញ្ហាសង្គមឲ្យបានច្រើន មុននឹងបង្ហាញខ្លួនម្តងទៀតជាមួយខ្សែភាពយន្តថ្មីសម្រាប់តំណាងឲ្យកម្ពុជាតែម្តង។
រូបភាព៖ ផ្តល់ឲ្យ
ចុចអាន
-សិល្បករជំនាញផាត់មុខបែបភ័យរន្ធត់ លាក់ខ្លួនធ្វើការនៅបាត់ដំបង
-ផលិតករស្រីវ័យក្មេង ចំណាយថវិកាផ្ទាល់ខ្លួន ផលិតកុនខ្លីនិយាយពីភ្លើងស្នេហ៍ក្នុងសម័យវាលពិឃាត
-យី កក្កដា សិល្បករពហុជំនាញ ចេះគូរគំនូរ២ផ្ទាំងក្នុងពេលតែមួយ មានប្រវត្តិកំសត់នឹកស្មានមិនដល់