បង្កើត​រថយន្តក្នុងក្តីស្រមៃ​ ដើម្បី​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​

  • 2017-12-11 19:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារា​កុមារី​កម្ពុជា ជា​ច្រើន​នាក់​បាន​ចូលរួម​ប្រកួតប្រជែង​គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​ ដើម្បី​ចម្រាញ់​យក​ស្នាដៃ​គំនូរ​ល្អ​បំផុត​យក​ទៅ​ប្រជែង​ស្នាដៃ​គំនូរ​របស់​កុមារ​ដទៃ​ទៀត​មក​ពី​ជុំវិញ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន។

ក្រោម​ប្រធានបទ គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត លក្ខខណ្ឌ​នៃ​អាយុ​កុមារ​ដែល​អាច​ចូល​រួម​បាន​មាន ក្រោម​អាយុ ៨ឆ្នាំ, អាយុ ៨ឆ្នាំ ដល់ ១១ឆ្នាំ និង​អាយុ ១២ឆ្នាំ ដល់ ១៥ឆ្នាំ។

លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​នេះ​ឡើង​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​ក្រុមហ៊ុន​តូយ៉ូតា​ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្អូន​ៗ​ជំនាន់​ក្រោយ​ដែល​មាន​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ការ​គូរ​គំនូរ អាច​​បញ្ចេញ​នូវ​សមត្ថភាព គំនិត​ច្នៃ​ប្រឌិត តាម​ក្ដី​ស្រមៃ​។

ស្នាដៃ​គំនូរ​​ដែល​ចូលរួមប្រកួត​ នឹង​ត្រូវ​បាន​ទទួល​ការ​វាយតម្លៃ​ ដើម្បី​ជ្រើសរើស​ស្នាដៃ​ដែល​ល្អ​ផ្ដាច់​គេ​យក​ទៅ​​ប្រកួត​ប្រជែង​​ស្នាដៃ​គំនូរ​របស់​កុមារ​មក​មក​ពី​ជុំវិញ​ពិភព​លោក​​​នៅ​ប្រទេស​ជប៉ុន។

លោក​បន្ត​ថា ការ​រៀបចំ​កម្មវិធីប្រកួត​នេះ​ក៏​ជា​ផ្នែកមួយ​ជួយ​បណ្តុះ​ស្មារតី​ដ​ល់​កុមារ​តូចៗ​ស្រលាញ់ថែរក្សាសិល្បៈ​គំនូរ​។

ជយលាភី​មាន​រង្វាន់​លេខ ១ ដល់ លេខ ៣ តាម​ប្រភេទ​អាយុ​នីមួយៗ នឹង​ទទួល​បាន​មេដៃ​ហើយ​គំនូរ​ដែល​ទទួល​បាន​ជយលាភី​នឹង​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ជប៉ុន។ ការ​ប្រកួត​នេះ​នឹង​ត្រូវ​ប្រកាស​ជ័យ​លាភី ថ្នាក់​ជាតិ នៅ​អំឡុង ខែ​មីនា ឆ្នាំ ២០១៨ និង​ជ័យ​លាភី​ថ្នាក់​ពិភពលោក នៅ​ខែ​សីហា ឆ្នាំ ២០១៨។

អ្នក​ឈ្នះ​មេដាយ នឹង​ត្រូវ​ទទួល​បាន​នូវ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ជប៉ុន​រយៈពេល​៥ថ្ងៃ ៤យប់ ជាមួយ​​នឹង​អាណា​ព្យាបាល ១រូប​ (ម្ដាយ ឪពុក ឬ​អាណា​ព្យាបាល​ស្រប​ច្បាប់)។ ការ​ប្រកួត​ប្រជែង​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​នេះ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៤ ហើយ​នេះ​ជា​លើក​ទី ៨ហើយ​ដែល​ប្រទេស​កម្ពុជា​យើង​ធ្វើ​ការ​ប្រកួត​ប្រជែង ។

ការ​ប្រកួត​គូរ​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​តូយ៉ូតា​ កុមារា​កុមារី​កម្ពុជា​ក៏​​អាច​​ផ្ញើ​​ស្នាដៃ​គំនូរ​ដែល​បាន​គូរ​នៅ​ផ្ទះ​មក​ចូលរួម​ប្រកួតប្រជែង​បាន​ផង​ដែរ​។ កាល​បរិច្ឆេទ​ឈប់​ទទួល​គឺ​​​​នៅ​​ថ្ងៃ​ទី ៣១ ខែ​មករា​ឆ្នាំ ២០១៨។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អត្ថបទ​បន្ទាប់៖

អត្ថបទ៖ ម៉េងងី