ឥទ្ធិពល​ព្យុះ​នឹង​អស់​នៅ​ថ្ងៃ​ស្អែក តែ​ភ្លៀង​នៅ​បន្ដ​ធ្លាក់​រហូត​ដល់​ភ្ជុំបិណ្ឌ

  • 2014-09-17 12:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥទ្ធិពល​ព្យុះ​​​​ទី ១៥ ដែល​មាន​ឈ្មោះ​ថា កាល់ម៉េជី ​(Kalmaegi) ដែល​​បាន​​​បោក​បក់​នៅ​សមុទ្រ​ចិន​ខាង​ត្បូងកាល​ពី​ម្សិល​មិញ​​​នឹង​មក​ដល់​ឆ្នេរ​សមុទ្រ​​វៀតណាម​​​យប់​​នេះ ​ហើយ​នឹង​បន្ដ​រហូត​ដល់​ថ្ងៃ​ស្អែក។ ថ្ងៃ​​ស្អែក​ត្បិតតែ​ព្យុះ​នេះ​ បញ្ចប់​នៅ​ទីក្រុង​ហាណូយ​ក្ដី ក៏​ប៉ុន្ដែ ប្រទេស​កម្ពុជា​ ក៏​នៅ​បន្ដ​ធ្លាក់​ភ្លៀង​រហូត​ដល់​ភ្ជុំ​បិណ្ឌ ដោយ​សារ​របប​ខ្យល់​មូសុង​ និង ប្រព័ន្ធ​សម្ពាធ​ទាប។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម។

 សូមចុចអាន៖ បន្ទាយ​ឆ្មារ​ ស្ថិត​ក្នុង​ចំណោម​រតនសម្បត្តិ​ពិភពលោក​ទាំង​៥​ដែល​គេ​មើល​រំលង​ ​

លោក អុំ រីណា ប្រធាន​នាយក​ដ្ឋាន​ឧត្តុនិយម បាន​ប្រាប់​គេហទំព័រ Sabay នៅ​មុន​នេះ​បន្ដិច​ថា ព្យុះ​ថ្មីមួយ ដែល​មាន​ឈ្មោះ​ថា កាល់ម៉េជី (Kalmaegi) ​នឹង​មក​ដល់​​ឆ្នេរ​សមុទ្រ​វៀតណាម​​យប់​​​នេះ ហើយ​នឹង​ធ្វើ​ឲ្យ​តំបន់​មាត់​សមុទ្រ​កម្ពុជា​ មាន​ភ្លៀង​ធ្លាក់​បង្គួរ​ទៅ​ច្រើន​ព្រមទាំង​មាន​ខ្យល់​បក់បោក​ខ្លាំង​ជាពិសេស​នៅ​ខេត្ត​កោះកុង និង ខេត្ត​ព្រះសីហនុ។ ប៉ុន្ដែ ព្យុះ​នេះ​នឹង​រលាយ​បាត់​ទៅ​វិញ​នៅ​ថ្ងៃ​ស្អែក។

 

ទោះ​បី​ជា​ព្យុះ​នេះ​រលាយ​បាត់​ទៅ​វិញ​ក្ដី ក៏​លោក អ៊ុំ រីណា បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នៅ​តែ​បន្ដ​ធ្លាក់​ភ្លៀង​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គ្រាន់តែ​តំបន់​ខ្លះ​​ច្រើន​ តំបន់​ខ្លះ​តិច​ ដែល​​ឥទ្ធិពល​សម្ពាធ​ទាប និង របប​ខ្យល់​មុសុង អូស​បន្លាយ​រហូត​ដល់​ភ្ជុំ​បិណ្ឌ ឬ​លើស​ពី​នេះ ព្រោះ​​កម្ពុជា​ស្ថិត​នៅ​ក្នុង​រដូវ​វស្សា​នៅ​ឡើយ។

 

កម្រិត​កម្ពស់​ទឹក​ភ្លៀង និង កម្ពស់​ទឹក​ជំនន់ ប្រៀប​ធៀប​រវាង​ឆ្នាំ ២០១៤ និង ឆ្នាំ ២០១៣​​ នៅ​មិនទាន់​អាច​កំណត់​បាន​នៅ​ឡើយ។ "វា​មិន​ទាន់​អាច​កំណត់​បាន​​នៅ​ទេ ព្រោះ​ឥឡូវ​ទើប​តែ​នៅ​ក្នុង​ខែ​កញ្ញា ទាល់​តែ​ចប់​រដូវ​វស្សា ទើប​យើង​អាច​កំណត់​បាន​ ប៉ុន្ដែ បើ​ប្រៀប​ធៀប​ឥឡូវ​នឹង​ឆ្នាំ​មុន​នៅ​ខេត្ត​ព្រះសីហនុ​តំបន់​ខ្លះ​កម្ពស់​ទឹក​ភ្លៀង​ហាក់​ច្រើន​ជាង​ឆ្នាំ​មុន​ តែ​ខ្ញុំ​បញ្ជាក់​ហើយ​គឺ​យើង​មិន​ទាន់​​អាច​កំណត់​​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ"។ លោក អុំ រីណា និយាយ។

 

តែ​ទោះ​បីជា​យ៉ាង​ណា​ក្ដី មន្រ្តី​ក្រសួង​ធនធាន​ទឹក និង ឧត្តុនិយម​រូប​នេះ​បាន​​អំពាវនាវ​ឲ្យ​​ប្រជាពលរដ្ឋ​គ្រប់​រូប ​ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ និង សមុទ្រ ​​ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​​ក៏ដូចជា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ។

 

យោង​​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និង ឧត្តុនិយម​ ដែល​ចុះ​កាល​បរិច្ឆេត​ថ្ងៃទី ១៦ ខែ កញ្ញា និង ចុះ​ហត្ថលេខា​ដោយ​លោក​លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក បាន​ឲ្យ​ដឹង​ថា ​ព្យុះ​ថ្មី​មួយ Kalmaegi ​​បាន​បោក​បក់​​សមុទ្ទ​ចិន​ខាងត្បូង​កាល​ពី​យប់​មិញ។

 

ព្យុះ​នេះ​នឹង​ធ្វើ​ដំនើរ​ទៅ​ដល់​ឆ្នេរ​សមុទ្រ​វៀតណាម​ភាគ​ខាង​ជើង​​នៅ​យប់​ថ្ងៃ​ទី ១៧ ខែ កញ្ញា​នេះ​ ហើយ​នឹង​ធ្វើ​ឲ្យ​តំបន់​មាត់​សមុទ្រ​កម្បុជា មាន​ភ្លៀង​ធ្លាក់​បង្គួរ​ទៅ​ច្រើន​ព្រមទាំង​មាន​ខ្យល់​​បក់​បោក​ខ្លាំង​ ជាពិសេស​នៅ​ខេត្ត​កោះកុង​ និង ព្រះសីហនុ ដែល​អាច​ធ្វើ​ឲ្យ​មាន​រលក​សមុទ្រ​ ពី​ ១ ទី ២,៥ ម៉ែត្រ។

 

ប៉ុន្ដែ​ លោក អុំ រីណា បន្ថែម​ថា ឥទ្ធិពល​ព្យុះកាល់ម៉េជី នឹង​រលាយ​បាត់​ទៅ​វិញ​នៅ​ថ្ងៃ​ស្អែក ហើយ​របប​ខ្យល់​មូសុង​និរតី និង ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ដ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​កាន់​តែ​ខ្លាំង​​ស្ទើរ​ទូទាំង​ប្រទេស​រហូត​ដល់​បុណ្យ​ភ្ជុំ​បិណ្ឌ​ឬ​លើស​ពី​នេះ៕

 

អាន​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ទាំង​ស្រុង​នៅ​ខាងក្រោម​នេះ៖

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា